ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា លោក Joseph Lin ប្រធានក្រុមហ៊ុន HQ Footwear (Cambodia) Co., Ltd. បានបញ្ជាក់ថា បណ្តាញក្រុមហ៊ុនផលិតស្បែកជើងសម្រាប់ម៉ាកល្បីៗ ដូចជា Armani, Michael Kor, Marc Jacob, Versace សហការចូលរួមជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងសភាពការណ៍ពិតរបស់ប្រទេសកម្ពុជាដល់អ្នកបញ្ជាទិញរបស់ខ្លួន។

បើតាមក្រសួងទេសចរណ៍ នៅក្នុងជំនួបប្រកបដោយផ្លែផ្កា ភាគីក្រុមហ៊ុន សន្យាចូលរួមចំណែកឱ្យសកម្មក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការរីកចំរើនគ្រប់វិស័យ យន្តការលើកទឹកចិត្ត និងការធានាដល់វិនិយោគិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយការគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅដល់បណ្តាញវិនិយោគរបស់ខ្លួននៅប្រទេសចិន និងជុំវិញពិភពលោក ពិសេសដល់អ្នកបញ្ជាទិញរបស់ខ្លួន។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសេរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុន និងស្នើឱ្យក្រុមហ៊ុនជួយសហការផ្តល់ព័ត៌មានពិតពីកម្ពុជា ក៏ដូចជាពិនិត្យពិចារណារៀបចំ ការឈប់សម្រាកប្រចាំរបស់បុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំដំណើររបស់អ្នកបញ្ជាទិញនេះ គឺដើម្បីមកទស្សនាស្វែងយល់ពីសភាពការណ៍ពិត ការរីកចំរើនគ្រប់វិស័យ សក្តានុពលទេសចរណ៍ដ៏សំបូរបែប និងបទពិសោធន៍បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងទេសចរណ៍


