អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង និងអ្នកឧកញ៉ា លាង ម៉េង បានប្រកាសជួយដល់សកម្មភាពការសម្តែងចាប៉ីដងវែង នូវទឹកប្រាក់សរុបក្នុងមួយឆ្នាំ ១២០លានរៀល។ ការប្រកាសជួយបែបនេះ គឺនៅក្នុងពិធីអបអរសាទរខួបទី ៩ឆ្នាំ ចាប៉ីដែងវែង ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ដែលរៀបចំដោយតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ក្រោមការឧបត្ថម្ភពេញទំហឹងដោយក្រុមហ៊ុនជីបម៉ុង នៅផ្សារទំនើបជីបម៉ុង មេហ្គាម៉ល ២៧១ កាលពីយប់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

បើយោងតាមការចុះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់សមាគមសិល្បករខ្មែរ បានឱ្យដឹងថា នៅក្នុងឱកាសនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា ចាប៉ីដងវែង គឺជាស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ដូនតា ដែលបានបង្រួមបញ្ចូលរវាងភាសា តន្ត្រី និងប្រាជ្ញាខ្មែរយើង។ វាមិនត្រឹមជាឧបករណ៍តន្ត្រី ឬតន្ត្រីសម្រាប់ការកម្សាន្តតែមួយមុខនោះទេ ប៉ុន្តែចាប៉ីដងវែង ជាវិធីនៃការបង្ហាញគំនិត ការអប់រំ និងការចែករំលែកអារម្មណ៍រីករាយនៅក្នុងជីវភាពប្រចាំថ្ងៃ។

អ្នកឧកញ៉ា បានបន្ថែមថា «ពេលវេលាចេះតែវិវត្ត យើងសង្កេតឃើញថា នៅក្នុងរយៈពេលចុងក្រោយៗ នេះ យុវសិល្បកររបស់យើងបានបន្ថែមនូវគំនិតច្នៃប្រឌិត និងបានបង្កើតបទចម្រៀងថ្មីៗ ដោយបានរួម បញ្ចូលនូវសូរសំនៀងចាប៉ីជាមួយ ដែលធ្វើឱ្យបទភ្លេង និងបទចម្រៀងកាន់តែមានរសជាតិ ពិសេសប្លែក, ជាក់ស្តែង ដូចជាបទ Time to Rise ដែលលេងច្រៀង និងសម្តែង រួមគ្នារវាងព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងប្អូន វណ្ណដា ជាដើម។ សំឡេង ចាប៉ី គឺជាសំឡេង នៃការចងចាំអតីតកាល និងជាសំឡេង នៃក្តីសង្ឃឹមសម្រាប់អនាគត»។

ដើម្បីលើកស្ទួយវិស័យសិល្បៈបុរាណ និងបន្តនិរន្តភាពនៃសិល្បៈចាប៉ីដងវែង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្រកាសជួយដល់សកម្មភាពការសម្តែងចាប៉ី ទូទាំងប្រទេសក្នុងមួយឆ្នាំ ១២០លានរៀល។ ក្នុងនោះ ១០០លាន រៀលជាថវិការបស់ក្រុមហ៊ុន ជីប ម៉ុង និង ២០លានរៀលទៀត ជាថវិការបស់សមាគមសិល្បករខ្មែរ។

ក្នុងឱកាសនោះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) និងលោកជំទាវ គឹម ចាន់ណា ដែលបានឧបត្ថម្ភថវិកា ១០០លានរៀល និងអ្នកឧកញ៉ា ម៉ៅ ចំណាន បានឧបត្ថម្ភ ២០លានរៀលក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់កម្មវិធីសម្តែងនិងការផ្សព្វផ្សាយចាប៉ីដងវែង ផងដែរ។
អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ថា ការជួយឧបត្ថមនេះជាក្តីសង្ឃឹមដ៏ធំធេង នៅក្នុងវិស័យសិល្បៈ ពិសេសសិល្បៈចាប៉ីដងវែងនេះ តែម្តង៕
អត្ថបទ៖ វីរៈ រូបភាព៖ សមាគមសិល្បករខ្មែរ


