ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី គ្រោងរៀបចំការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត។

ការបង្ហាញអំពីគម្រោងនេះ ស្របពេលដែលឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Bendigo Kangan Institute (BKI) Group របស់ប្រទេសអូស្ត្រាលី ដឹកនាំដោយលោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំ កម្ពុជា។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំពីផែនការយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia – ACEC) លើគម្រោងរៀបចំឱ្យមានការបណ្ដុះបណ្ដាល និងបំពាក់បំប៉នជំនាញជូនដល់យុវជនកម្ពុជាលើវិស័យយានយន្ត និងវិស័យពាក់ព័ន្ធផ្សេងទៀត ក្រោមកិច្ចសហការរវាង ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន BKI Group។

កិច្ចសហការនេះ ក៏ស្នើសុំឱ្យមានការគាំទ្រពីរាជរដ្ឋាភិបាល ពីក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីបានជាធាតុចូល និងអាចជំរុញឱ្យក្រុមហ៊ុនដាក់ចេញនូវយុទ្ធសាស្រ្តពង្រឹងជំនាញយុវជន ត្រៀមសម្រាប់ផ្គត់ផ្គង់ដល់ផ្នែកឯកជនតាមតម្រូវការបច្ចេកទេស។

ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានចូលរួម និងបានសម្តែងនូវអំណរសាទរលើកិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យយុវជនបានបង្កើនជំនាញបច្ចេកទេស ឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបណ្ដុះបណ្ដាលមូលធនមនុស្ស ជាពិសេសការពង្រឹងសមត្ថភាពលើក្រុមយុវជន ក្នុងវិស័យឧស្សាហកម្មយានយន្តផ្ទាល់ ដោយហេតុថាកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ នឹងចូលរួមផ្ដល់តម្លៃបន្ថែមដល់សេដ្ឋកិច្ច ហើយកិច្ចការងារនេះក៏ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជំរុញលើកទឹកចិត្តការវិនិយោគលើវិស័យឧស្សាហកម្មយានយន្ត ការផ្គុំតម្លើង និងឧស្សាហកម្មគ្រឿងអេឡិចត្រូនិចជាដើម៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកឯកឧត្តម ស៊ុន ចាន់ថុល


