ក្រសួងបរិស្ថាន រកឃើញរោងចក្រមួយនៅខេត្តតាកែវ ល្មើសច្បាប់បរិស្ថាន

ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន បានរកឃើញរោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស សម្រាប់ក្នុងឡ និងបានបញ្ចេញផ្សែងខ្មៅនិងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

តាមដានជាមួយយើង៖ Million Times

ការរកឃើញនេះ គឺតាមរយៈការចុះទៅត្រួតពិនិត្យនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរោងចក្រស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។ ករណីនេះ គឺល្មើសនឹងមាត្រា១៦១ និងមាត្រា៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

លើសពីនេះ រោងចក្រមិនបានរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ក្នុងរយៈពេល ៦ខែម្តង ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន គឺល្មើសនឹងមាត្រា៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួងបរិស្ថាន បានដាក់ចេញវិធានការអនុវត្តចំពោះក្រុមហ៊ុននេះ តម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការយក កម្ទេចក្រណាត់ទៅដុតក្នុងឡ និងតម្រូវឲ្យរៀបចំតបំពង់ផ្សែងឡ​ឱ្យបានខ្ពស់ផុតឡើងលើថែមទៀត ដើម្បីកុំផ្សែងហុយធ្លាក់ទៅលើលំនៅឋានប្រជាពលរដ្ឋទៀត។

ក្នុងនោះដែរ ក្រសួងបរិស្ថាន ក៏បានតម្រូវឱ្យក្រុមហ៊ុនរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ទៅតាមការកំណត់ ហើយក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ អនុលោមតាមមាត្រ ៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ក្រសួអបរិស្ថាន បានថ្លែងអំណរគុណដល់បណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងឡាយណា ដែលបានគោរពច្បាប់បរិស្ថានត្រឹមត្រូវ និងសូមអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានរាយការណ៍ពីករណីបំពុលបរិស្ថាននៅកម្ពុជា។

ក្រសួងបរិស្ថាន បានអំពាវនាវឱ្យមានការចូលរួមសាមគ្គីគ្នាបន្តទៀត ដើម្បីទប់ស្កាត់ការបំពុលដី បំពុលទឹក និងលើមេឃ ដើម្បីកម្ពុជាមានភាពស្អាត ប្រជាពលរដ្ឋ និងបរិស្ថានមានសុខភាពល្អ និងកម្ពុជាមានភាពស្អាតលើឆាកអន្តរជាតិ ដែលទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត៕  

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងបរិស្ថាន