អ្នកនាំពាក្យ៖ អាជ្ញាធរថៃចេញដីកាចាប់ខ្លួនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាល្បែងនយោបាយប្រជាភិថុតិ

អ្នកនាំពាក្យព្រឹទ្ធសភា បានឆ្លើយតបចំពោះអាជ្ញាធរថៃ ដែលបានចេញដីកាចាប់ខ្លួនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជា ដោយថា ជាល្បែងនយោបាយប្រជាភិថុតិរបស់ភាគីថៃ ក្នុងគោលដៅបន្តុះបង្អាប់ ឬក៏បង្ខូចកិត្តិយសរបស់កម្ពុជាប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

ការឆ្លើយតបនេះ គឺបន្ទាប់ពីមានព័ត៌មានថា អាជ្ញាធរថៃ បានចេញដីកាឱ្យចាប់ខ្លួនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងលោក Chokchai Suphapa ព្រមទាំងរឹបអូសផ្ទះសម្បែង និងគណនីធនាគារដែលលោកអ្នកឧកញ៉ា​ មាននៅប្រទេសថៃថែមទៀត ក្រោមបទចោទប្រកាន់ជាច្រើន។  

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកានេះថា ចំពោះអាជ្ញាធរថៃចេញដីកាចាប់ខ្លួនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជានោះ គឺជាល្បែងនយោបាយប្រជាភិថុតិរបស់ភាគីថៃ ក្នុងគោលដៅបន្តុះបង្អាប់ ឬក៏បង្ខូចកិត្តិយសរបស់កម្ពុជា។

អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា «ឯកឧត្ដម លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភារបស់កម្ពុជា ហើយមានអភ័យឯកសិទ្ធិ លោកជាពលរដ្ឋខ្មែរអញ្ចឹងទទួលបានការការពារ ក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងយ៉ាងច្បាស់ គឺមិនអនុញ្ញាតបញ្ជូនពលរដ្ឋខ្មែរទៅឱ្យប្រទេសណាមួយទេ»។

ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ទៀតថា អាជ្ញាធរថៃ ចេញដីកាចាប់ខ្លួនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាកម្ពុជានោះ គ្រាន់តែជាការស្រមើស្រមៃ ហើយជាល្បែងនយោបាយប្រជាភិថុតិ ក្នុងគោលដៅបង្ខូចកេរ្ដិ៍ឈ្មោះរបស់កម្ពុជា។ ដូច្នេះហើយ គ្មានអ្វីជ្រួលជ្រើម ឬក៏ចាប់អារម្មណ៍ចំពោះដីកាចាប់ខ្លួន ដែលមិនសមហេតុផលនោះឡើយ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម