អ្នកឧកញ៉ា សួរ វីរៈ គ្រោងនាំចេញអង្ករខ្មែរទៅកាន់ទីផ្សារ អាម៉េរិក ១០ កុងតឺន័រ​ដំបូង

ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា សួរ វីរៈ ទទួល​បាន​ការ​ព្រមព្រៀង និង​គ្រោង​នាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​កាណាដា តាមរយៈ​ការ​ចូលរួម​បេសកកម្ម​ទាក់ទាញ និង​ជំរុញ​វិនិយោគ​នៅ​ប្រទេស​ទាំងពីរ។

តាមដានជាមួយយើង៖ Million Times

បន្ទាប់ពី​បាន​ចូល​រួម​ក្នុង​បេសកកម្ម​ទាក់ទាញ និង​ជំរុញ​វិនិយោគ​ទៅ​កាន់​សហរដ្ឋ​អាម៉រិក និង​កាណាដា កាលពី​ថ្ងៃ​២៧ ខែ​តុលា ដល់​ថ្ងៃ​៥ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកឧកញ៉ា សួរ វីរៈ សមាជិក នៃ​សមាគម​ឧកញ៉ា​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស បានបង្ហើប​ឲ្យ​ដឹង​ថា តាមរយៈបេសកកម្ម​លើក​នេះ អ្នកឧកញ៉ា និង​គណៈប្រតិភូ​សមាគម​ឧកញ៉ា​កម្ពុជា មាន​ឱកាស​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​បណ្តា​ថ្នាក់ដឹក​នាំ តំណាង​ក្រុមហ៊ុន ក៏​ដូចជា​ធុរជន​ជាច្រើន​លើទឹក​ដី​នៃ​ប្រទេស​ទាំងពីរ។

ពិសេស អ្នកឧកញ៉ា ផ្ទាល់​បាន​ឈាន​ដល់​ការ​ព្រមព្រៀង​ជាមួយ​ដៃគូ​ដោយ​គ្រោង​នាំ​ចេញ​អង្ករ​កម្ពុជា ដើម្បី​លក់​សាកល្បង​នៅ​តាម​ទីផ្សារ​ក្នុង​ប្រទេស​ទាំងពីរ​ផង​ដែរ។ អ្នកឧកញ៉ា សួរ វីរៈ បញ្ជាក់​ថា៖ «យើង​បាន​ព្យាយាម​ទៅ​ជួប​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​អង្ករ និង​ផលិតផល​ផ្សេង​ៗ​ដែល​លក់​នៅ​តាម​ផ្សារ​ទំនើប ផ្សារ​អាស៊ី នៅ​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​កាណាដា។ ពួក​គាត់​បាន​យល់​ព្រម​ទទួល​ទិញ​យក​រាល់​ផលិតផល​ខ្មែរ​ទាំងអស់​ដែល​អាច​នាំ​ចេញ​ទៅបាន ដើម្បី​ចែកចាយ​ទូទាំង​សហរដ្ឋអាម៉េរិក និង​​ប្រទេស​កាណាដា ទៅ​តាម​តំបន់​ផ្សេង​ៗនូវគ្រប់ផលិតផលដូចជា អង្ករ ស្វាយចន្ទី និង​ផលិតផល​សិប្បកម្ម​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ចំណីអាហារ»។

អ្នកឧកញ៉ាបានបន្ថែមថា ក្នុងនោះដែរ ក៏​បាន​ព្រមព្រៀងគ្នានឹងនាំចេញអង្ករទៅកាន់សហរដ្ឋអាម៉េរិក ១០ កុងតឺន័រ​ដំបូង​ហើយ​កាណាដាយើងនឹងសាកល្បងនាំចេញទៅ ១ ទូ​កុងតឺន័រ​ដំបូង​នៅ​រដូវកាល​ថ្មីនេះ។

ដោយឡែក​អ្នក​ឧកញ៉ា​ក៏នឹងនាំអង្ករចេញទៅប្រទេសអូស្ត្រាលី​ ៨ ទូកុងតឺន័រ ដំបូង​ផងដែរ។» អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា ជា​លទ្ធផលវិជ្ជមាន​នៃ​បេសកកម្ម​នេះ​ដោយ​កម្ពុជា​គាំទ្រ​ច្រើន​ទៅ​លើ​ផលិតកសិកម្ម និងសិប្បកម្ម ប៉ុន្តែ​ជោគជ័យ​ឬ​យ៉ាង​ណា​គឺ​អាស្រ័យ​លើ​គុណភាព​អង្ករ និង​គុណភាព​ផលិតផល​សិប្បកម្ម​របស់​ខ្មែរ​ផ្សេង​ៗ​ទៀត៕

អត្ថបទ៖ ឆដា, រូបភាព៖សមាគមឧកញ៉ាកម្ពុជា