សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីថ្នាក់ដឹកនាំប្រទេសជាច្រើន។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអាស៊ាន។

កាលពីយប់ថ្ងៃទី២៨ ខែតុលា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥-២៨ ខែតុលា ឆ្នាំ២០២៥។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែតុលានេះ ឯកឧត្ដមបណ្ឌិត សូ ណារ៉ូ បានបង្ហោះសារថា «ក្នុងគ្រោះ កម្ពុជាពិតមានលាភ គឺទទួលបានទាំងសន្តិភាពមិនអាចកាត់ថ្លៃបាន និងទទួលបានពន្ធបដិការចុះបានច្រើនជាងគេបំផុតគឺពី៤៩% មក១៩% ហើយមានទំនិញមួយចំនួនទៀត នឹងមានអត្រាពន្ធទាបជាងនេះ»។

ឯកឧត្ដម បានសរសេរបន្តថា លើសពីនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចងចំណងទាក់ទងយ៉ាងជិតស្និតដោយផ្ទាល់ ជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ដ៏មានអំណាចឥទ្ធិពលលើពិភពលោក។

ឯកឧត្ដម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា ឆ្លងតាមរយៈការតស៊ូលះបង់ “ស្ងាត់តែមិនស្ងៀម”នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ប្រៀបដូចតារានយោបាយរះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយទទួលបានការចាប់អារម្មណ៍ និងការកោតសរសើរពីថ្នាក់ដឹកនាំប្រទេសជាច្រើន រាប់ទាំងប្រទេសអាមេរិក ចិន ម៉ាឡេស៊ី និងប្រទេសថៃ ជាដើម។

បើតាមបណ្ឌិត សូ ណារ៉ូ ថ្នាក់ដឹកនាំប្រទេសទាំងនោះ បានចាប់អារម្មណ៍ និងកោតសរសើរសម្តេចធិបតី ថា ជាបុគ្គលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តាមរយៈការសន្ទនា ឈរលើគោលការណ៍ច្បាប់អន្តរជាតិ ឈានទៅរកសន្តិភាពនៅទីបញ្ចប់ និងធានាគោលការណ៍ឯកភាព សាមគ្គីភាពរបស់អាស៊ាន៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្តេចធិបតី


