គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥១ភាគរយហើយ

គិតត្រឹមចុងខែតុលានេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចវឌ្ឍនភាពបាន ៥១ភាគរយហើយ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ខាងមុខ។ នេះបើយោងតាមឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។

តាមដានជាមួយយើង៖ Million Times

អង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដឹកនាំដោយឯកឧត្តម សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង នៅថ្ងៃទី២៨​ ខែតុលា បានចុះពិនិត្យ តាមដានការអនុវត្តគម្រោង ដែលគិតត្រឹមចុងខែតុលា ឆ្នាំ២០២៥នេះ សម្រេចបាន ៥១ភាគរយហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

បច្ចុប្បន្នសម្រេចបាន៖ ១/ ផ្នែកគ្រឹះស្ពាន បានប្រមាណ ៩១,៦២ភាគរយ ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម សម្រេចបាន ១៤៨ ដើម ២០ជើងតាង សម្រេចបានចំនួន១៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ១០០ភាគរយ ២/ រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន ៦៨.៩១ភាគរយ  រួមមានតួសរសរស្ពាន១២  សម្រេចបាន១០០ភាគរយ  សរសរស្ពាន ៥២ សម្រេចបាន៤០ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន២៣ ធ្នឹម  ៣/ រចនាសម្ព័ន្ធផ្នែកលើស្ពានសម្រេចបានប្រមាណ ២៣ភាគរយ  ៤/ការងារផ្លូវតភ្ជាប់ សម្រេចបាន ១,៧ភាគរយ និង ៥/ ការងារផ្លូវបង្វែរទិសចរាចរណ៍ សម្រេចបាន៤ភាគរយ ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងបន្តថា រយៈពេលសាងសង់គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ សម្រេចបាន ២០ខែហើយ ស្មើនឹង ៤៧ ,៦២ភាគរយ នៃផែនការសាងសង់ ៤២ខែ ដោយមិនមានការយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដែលត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧។

ក្រុមការងារវាយតម្លៃខ្ពង់ ចំពោះក្រុមហ៊ុនសំណង់សៀងហៃ ដែលបានអនុវត្តគម្រោងដែលបញ្ចប់ និងកំពុងដំណើរការបានគោរពតាមបទដ្ឋានបច្ចេកទេស  និងកិច្ចសន្យាបច្ចេកទេសប្រកប​ដោយគុណភាព និងសោភណ្ឌភាព។ អង្គភាពគ្រប់គ្រងគម្រោង បានជំរុញឱ្យក្រុមហ៊ុនត្រៀមការងារសាងសង់ផ្លូវតភ្ជាប់ និងការងារសំខាន់ៗមួយចំនួនទៀត ក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ