សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាននាំយកពានរង្វាន់អាស៊ាន (ASEAN Prize) មកដល់ប្រទេសកម្ពុជាហើយ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេស ម៉ាឡេស៊ី។

ពានរង្វាន់នេះទៅទទួលដោយលោកជំទាវ ដាំ ដារីនី តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ពីឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន និងឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា។

ពានរង្វាន់នេះ ត្រូវបានអគ្គលេខាធិការអាស៊ានសម្រេចប្រគល់ជូន ស.ស.យ.ក. ដោយផ្អែកតាមការវាយតម្លៃលើតួនាទីដ៏សកម្មរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ការរួមចំណែកចំពោះសមាហរណកម្មតំបន់ តាមរយៈគំនិតផ្តួចផ្តើម ដោយយុវជន និងគំនិតផ្តួចផ្តើមឆ្លងកាត់វប្បធម៌ ជាច្រើន។

ម្យ៉ាងទៀត ក៏ដោយសារមើលឃើញពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់វប្បធម៌ និងលើកកម្ពស់ការកសាងសន្តិភាព ក្នុងចំណោមយុវជនអាស៊ាន និងដៃគូសកលរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្របសម្រួលឱ្យមានការចូលរួមរបស់យុវជន តាមរយៈការអភិវឌ្ឍសមត្ថភាព និងការជំរុញឱ្យមានការចូលរួមក្នុងសហគមន៍។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃអាទិត្យ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានបង្ហោះថា ពានរង្វាន់ដែលស.ស.យ.ក. ទទួលបាននៅក្នុងដៃនាពេលនេះ គឺសម្រាប់ក្រុមគ្រួសារ ស.ស.យ.ក ទាំងអស់នៅទូទាំងប្រទេស គ្រប់គ្នាគឺជាម្ចាស់នៃជ័យលាភីមួយនេះ។
ឯកឧត្តម បានបន្ថែមថា នេះគឺជាមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស ដែលជាសក្ខីកម្មនៃការទទួលស្គាល់នូវសកម្មភាពដ៏ថ្លៃថ្លា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិក របស់ ស.ស.យ.ក គ្រប់រូបៗ ដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានា ក្រោម ទិសស្លោក យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ៕
អត្ថបទ៖ វីរៈ រូបភាព៖ ស.ស.យ.ក


