ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ នៅយប់ថ្ងៃទី ១៥ ខែតុលានេះ បានឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលលើកឡើងជាការមួលបង្កាច់ថា សម្ដេចតេជោ បានដាក់សម្ពាធឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ត្រឹមថ្ងៃទី ២០ ខែតុលា។


ត្រង់ចំណុចនេះ ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា ជាជំហររបស់សម្ដេចតេជោ លោកបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា មិនទៅអង្វរ មិនទៅថោកអង្វរ សុំឱ្យថៃបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញទេ ទោះបីជាថៃបិទ ១០០ឆ្នាំទៀត ក៏កម្ពុជាមិនទៅអង្វរ ឬក៏ថៃធ្វើទៅតាមចិត្តខ្លួនឯងទៅ»។

អ្នកនាំពាក្យសម្ដេចតេជោ បានបន្ថែមថា ប្រទេសកម្ពុជា មិនបន្ទាបខ្លួនទៅអង្វរថៃបើកច្រកព្រំដែនវិញនោះទេ។ ដូច្នេះ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃខាងលើនេះ គឺជាការមួលបង្កាច់ និងបំភាន់មតិសាធារណជន ទាំងសាធារណជននៅក្នុងប្រទេសរបស់ខ្លួន ផង ហើយនិងសាធារណជនទូទៅផង ដែលជាព័ត៌មានប្រឌិត ហើយមិនឆ្លុះបញ្ចាំងពីជំហររបស់សម្ដេចតេជោ ក៏ដូចជាជំហររបស់កម្ពុជា ទេ។
ឯកឧត្តម ជា ធីរិទ្ធ គូសបញ្ជាក់ថា ជំហររបស់សម្ដេចតេជោ និងជំហររបស់កម្ពុជា គឺគ្មានការប្រែប្រួលទេ ដូចអ្វីដែលសម្ដេចតេជោ បានបញ្ជាក់កន្លងមកហើយ៕
អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម