ក្រុមហ៊ុនអ្នកស្រី អ៊ឹម សុផាន់ណារិទ្ធ សម្រេចប្រមូលដុតបំផ្លាញចោលនូវរាល់ទំនិញក្នុងឃ្លាំងរបស់ខ្លួន មានប្រភពមកពីប្រទេសថៃ

ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក របស់អ្នកស្រី អ៊ឹម សុផាន់ណារិទ្ធ ដែលទើបត្រូវបានបញ្ចប់គោរមងារ «ឧកញ៉ា» បានសម្រេចប្រមូលដុតបំផ្លាញចោលនូវរាល់ទំនិញក្នុងឃ្លាំងរបស់ខ្លួន មានប្រភពមកពីប្រទេសថៃ។

តាមដានជាមួយយើង៖ Million Times

យោងតាមសេចក្ដីជូនដំណឹងមួយ របស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក នៅថ្ងៃទី ១៥ ខែតុលានេះ បានឱ្យដឹងថា កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះធ្វើការត្រួតពិនិត្យឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក ដែលមានទីតាំងនៅឃ្លាំងលេខ ១៣២ ផ្លូវបេតុង ភូមិ ៤ សង្កាត់ ច្រាំងចំរះទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លើផលិតផលសាច់សត្វ ដែលបានធ្វើការនាំចូលមកពីប្រទេស វៀតណាម ប្រទេសប្រេស៊ីល ប្រទេសកូរ៉េ ប្រទេសរុស្សី ប្រទេសហូឡង់ ប្រទេសអូស្ត្រាលី ប្រទេសអាហ្សង់ទីន ប្រទេសអាមេរិក និងប្រទេសថៃ។

ក្រោយពីធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ កម្លាំងសមត្ថកិច្ចគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ តំបន់ ១ បានបញ្ជាក់ថា រាល់ទំនិញក្នុងឃ្លាំងក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ បានធ្វើការបង់ពន្ធនាំចូលត្រឹមត្រូវ និងលទ្ធផលវិភាគបណ្តោះអាសន្នរបស់មន្ត្រី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ក៏បានបញ្ជាក់ដែរថា ទំនិញទាំងអស់ ត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ និងពុំមានសារធាតុគីមី (FORMALIN) ដែលបណ្តាលឱ្យប៉ះពាល់សុខភាពឡើយ។

ក្រោយពីបានពិនិត្យឯកសារពាក់ព័ន្ធនឹងការនាំចូល ការបង់ពន្ធបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និង លទ្ធផលដែលចេញពីមន្ទីរពិសោធន៍កណ្តាល របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) លើសំណាកគំរូចំនួន ១៥ ក៏ពុំឃើញមានប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណា មួយលើសពីកម្រិតកំណត់ដែលបានអនុញ្ញាត និងពុំមានវត្តមានសំណល់ថ្នាំបសុពេទ្យនោះទេ ។

បន្ទាប់មកនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ កម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ (កបប) បានចុះមកធ្វើការបើកសៀលផលិតផល ដែលបានឃ្មុំបេទុកជាបណ្តោះអាសន្ន កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥។

ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក បានអះអាងថា ខ្លួនជាក្រុមហ៊ុនដែលបាន ធ្វើការចុះបញ្ជីការត្រឹមត្រូវ និងប្រកបអាជីវកម្មស្របតាមច្បាប់កម្ពុជា លើការនាំចូលទំនិញចូលមកពីបណ្តាប្រទេសមួយចំនួន និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពី ការហាមឃាត់នាំចូលមុខទំនិញមួយចំនួន ដែលមានប្រភពដើមពីប្រទេសថៃ។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ទោះបីជាមានការអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួន អាចដំណើរអាជីវកម្មវិញក៏ដោយ ដើម្បីជាការរួមចំណែកជាមួយប្រជាប្រជាជនកម្ពុជា ចំពោះការធ្វើពហិការឈប់ប្រើប្រាស់រាល់ផលិតផលទំនិញ ដែលមានប្រភពមកពីប្រទេសថៃ គឺក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក សម្រេចប្រមូលដុតបំផ្លាញចោល នូវរាល់ទំនិញក្នុងឃ្លាំងរបស់ខ្លួន មានប្រភពមកពីប្រទេសថៃ និងស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួម ដើម្បីជាការបង្ហាញដល់ប្រជាជនកម្ពុជាទាំងអស់ អំពីឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការចូលរួមពហិការឈប់ប្រើប្រាស់ផលិតផលប្រទេសថៃ។

បន្ថែមលើនេះ ក្រុមហ៊ុន អ៊ឹម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក ក៏នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីជួយគាំទ្រ និងលើកតម្កើនផលិតផលក្នុងស្រុកជាអាទិភាព៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម