លោក គីម ដារ៉ា៖ ក្រុមហ៊ុនមួយខ្លាំង គឺខ្លាំងទាំងព្រម មេមានចក្ខុវិស័យច្បាស់លាស់ ចំណែកថ្នាក់ក្រោម មានសមត្ថភាពគ្រប់គ្រាន់

ក្រុមហ៊ុនមួយដែលខ្លាំង គឺខ្លាំងទាំងព្រម មេមានចក្ខុវិស័យច្បាស់លាស់ ជំហររឹងមាំ ចំណែកថ្នាក់ក្រោម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ច និងមានទំនួលខុសត្រូវខ្ពស់ជាមួយលទ្ធផល។ នេះជាការលើកឡើងរបស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។

តាមដានជាមួយយើង៖ Million Times

លោក គីម ដារ៉ា បានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា បើខ្លាំងតែមេ តែថ្នាក់ក្រោយខ្សោយ បំពេញការងារមិនកើត ផ្លាស់ប្ដូរមិនបាន នោះស្ថាប័នមិនអាចរីកចម្រើនឡើយ តែបើថ្នាក់ក្រោមខ្លាំង មេខ្សោយវិញ ភាពរញ៉េរញ៉ៃនឹងកើតឡើង ថ្នាក់ក្រោមលែងចង់ស្តាប់មេ មេព្យាយាមកាច់បំបាក់ គ្មានផលិតភាពការងារឡើយ។

ស្ថាបនិកសាលា Startup រូបនេះ មានប្រសាសន៍ប្រាប់ Million Times បន្ថែមថា នៅក្នុងស្ថាប័ន ឬក្រុមហ៊ុនមួយ ត្រូវការមានចក្ខុវិស័យច្បាស់លាស់ ហើយមេដឹកនាំទាល់តែខ្លាំង។

«អញ្ចឹងមេ ទាល់តែខ្លាំង ហើយមានចក្ខុវិស័យទៀត ពាក្យថា ខ្លាំង មានន័យថា គាត់មានវិន័យ គាត់មានជំហរ មានអីច្បាស់លាស់ អត់រៀរេ ព្រោះធម្មតាតែយើងទាន់ជោគជ័យ យើងនៅតូចវាមានបញ្ហាច្រើនដែលកើតឡើង អញ្ចឹងបើយើងអត់មានជំហរច្បាស់លាស់ទេ យើងអាចរៀរេ យើងអាចភ្លេចនូវអ្វីដែលខ្លួនឯងចង់ធ្វើចឹងទៅ»។ នេះជាការលើកឡើងបន្ថែមរបស់លោក គីម ដារ៉ា។

លោកថា ជាទូទៅមួយទៀត នៅពេលដែលមេខ្សោយ គឺមេតែងតែបង្កើត Politics នៅក្នុងស្ថាប័នដែលខ្លួនឯងគ្រប់គ្រង ព្រោះខ្លាចកូនចៅឡើងជំនួស ដែលកើតមានភាពរញ៉េរញ៉ៃមិនខាន។ ចំណុចនេះ លោកកត់សម្គាល់ថា «អ្នកខ្លាំង អត់អាចធ្វើការជាមួយមេខ្សោយទេ ព្រោះមេខ្សោយភ័យជាមួយកូនចៅខ្លាំង»។

លោក គីម ដារ៉ា បានចែករំលែកដែរថា ចំពោះបុគ្គលម្នាក់ៗ ទៅដល់ទីណាក៏ដោយ ធ្វើការទីណាក៏ដោយ ត្រូវផ្តោតលើការអភិវឌ្ឍសមត្ថភាពខ្លួនឯង ព្យាយាមឲ្យខ្លាំង បើទោះបីជាស្ថាប័នដែលខ្លួនធ្វើការដួលរលំ ក៏ មិនខ្វះកន្លែងធ្វើការដែរ ព្រោះគ្រប់កន្លែង សុទ្ធតែត្រូវការអ្នកមានសមត្ថភាពពិត៕

អត្ថបទ៖ វីរៈ រូបភាព៖ លោក គីម ដារ៉ា