ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញនូវរូបភាព «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ថតពីលើអាកាសចំនួន ៤សន្លឹក ដែលមានទិដ្ឋភាពដ៏ស្រស់ស្អាតគួរជាទីគយគន់។


បណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី ១២ ខែតុលានេះ បានរៀបរាប់ថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» បាននិងកំពុងដើរតួនាទីជាខ្សែផ្លូវ លើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើង សម្រាប់ការដើរកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នានា។

ក្រសួង បានបន្ថែមថា វិថីនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង និងតភ្ជាប់ជាមួយផ្លូវខេត្តលេខ ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួន នៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។

គួរឱ្យដឹងថា «វិថីតេជោសន្តិភាពឆ្នេរអង្កោល» នេះ មានប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ ២០២៤ ហើយត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ កាលពីថ្ងៃទី ១១ ខែវិចិ្ឆកា ឆ្នាំ ២០២៤កន្លងទៅនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន