អ្នកនាំពាក្យ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបានជាង ២៧ភាគរយហើយ

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបានលទ្ធផលជាង ២៧ ភាគរយហើយ ខណៈមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជំរុញឱ្យពន្លឿនការសាងសង់ស្ពានឱ្យបានកាន់តែឆាប់រហ័សតាមការគ្រោងទុក។

តាមដានជាមួយយើង៖ Million Times

ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ Million Times នៅថ្ងៃទី ៩ ខែតុលានេះថា បើគិតត្រឹមដើមខែតុលា ឆ្នាំ ២០២៥នេះ គម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ សម្រេចលទ្ធផល ២៧.០៤ភាគរយហើយ។

ក្នុងនោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៨ ខែតុលា ក៏បានចុះពិនិត្យគម្រោងសាងសង់ស្ពាននេះ ដើម្បីពន្លឿនការសាងសង់ឱ្យបានឆាប់រហ័ស ផងដែរ។

ឯកឧត្ដម ផន រឹម បាន​ឱ្យដឹងថា ការចុះពិនិត្យនេះ គឺធ្វើឡើងក្នុងគោលបំណងចំនួ ៤ សំខាន់ៗរួមមាន៖ ១). វិធានការណ៍សុវត្ថិភាពនៅផ្នែកផ្លូវក្រវាត់ក្រុងទី ៣ ដែលបិទបណ្ដោះអាសន្ន និងចំណុចប្រសព្វនៃផ្លូវ ១១៦ ២).ត្រួតពិនិត្យតំបន់សំណង់សសរគ្រឹះ នៃស្ពានលើអាកាស ត្រង់ PK1+540 និងយល់ដឹងអំពីវឌ្ឍនភាពសំណង់ និងការតេស្តសាកល្បងលទ្ធភាពទ្រទ្រង់របស់សសរគ្រឹះ ៣).ត្រួតពិនិត្យរោងចក្រជួសជុលដែកខាងលិចទន្លេ និងពិនិត្យការប្រតិបត្តិការលុបច្រែះដែកដោយម៉ាស៊ីនឡេស៊ែរ និង ៤).ត្រួតពិនិត្យតំបន់សំណង់គ្រឹះសសរក្នុងទឹកនៅខាងលិចទន្លេ ដើម្បីយល់ដឹងអំពីបច្ចេកទេសសាងសង់សសរគ្រឹះ។

នៅក្នុងឱកាសនោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធត្រូវសហការគ្នាឱ្យបានល្អ ដើម្បីពន្លឿន ការសាងសង់ស្ពានមេគង្គដីឥដ្ឋ-ថ្មគរ ឱ្យបានកាន់តែឆាប់រហ័សតាមការគ្រោងទុក ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។

គួរឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតក្នុងខេត្តនៅក្នុងខេត្តកណ្តាល បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣។ គម្រោងសាងសង់ស្ពាននេះ មានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន ៤ខ្សែ (គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨) ខាងមុខនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន