Breaking news៖ សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលកំចាត់មន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលមកកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់មន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃចូលមកកម្ពុជាតាមផ្លូវគោក។

តាមដានជាមួយយើង៖ Million Times

ការស្នើរបស់សម្ដេចប្រធានព្រឹទ្ធសភាយ៉ាងដូច្នេះ គឺដោយសារតែមានជនឆ្លៀតឱកាសមួយចំនួន នៅតែបន្តនាំទំនិញថៃចូលមកកម្ពុជា ទោះបីជាប្រទេសទាំងពីរ បានបិទច្រកព្រំដែន ចាប់តាំងពីចុងខែមិថុនាមក។

តាមរយៈទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី ៨ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះថា «ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន»។

ជាមួយគ្នានេះ សម្ដេចប្រធានព្រឹទ្ធសភា បានលើកឡើងថា ប្រសិនបើ សម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រីដូចពេលមុន សម្ដេចមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)។

គួររំលឹកថា យោធាថៃបានបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគីដោយភាគី ចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥មក បន្ទាប់ពីប្រទេសទាំងពីរមានជម្លោះព្រំដែនជាមួយគ្នាជាថ្មី ចាប់ពីចុងខែឧសភា ឆ្នាំ ២០២៥មក៕  

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គមសម្ដេចតេជោ