មហាសេដ្ឋីឥណ្ឌា លោក Sunjay Kapur ធុរជនមានមុខមាត់ និងជាអតីតស្វាមីតារាសម្ដែងជួរមុខ អ្នកនាង Karisma Kapoora បានទទួលអនិច្ចកម្ម បន្ទាប់ពីលោកត្រូវបានរាយការណ៍ថា ត្រូវបានសត្វឃ្មុំទិចដោយចៃដន្យ អំឡុងពេលលេងកីឡាប៉ូឡូ (កីឡាជិះសេះវាយកូនបាល់) នៅប្រទេសអង់គ្លេស។


ទីភ្នាក់ងារព័ត៌មាន Telegraph បានចុះផ្សាយថា មហាសេដ្ឋីវ័យ ៥៣ឆ្នាំរូបនេះ ត្រូវបានសត្វឃ្មុំទិចត្រូវមាត់ អំឡុងពេលចូលរួមប្រកួតកីឡាប៉ូឡូនៅទីក្រុង Windsor ហើយលោកបានបាត់បង់ស្មារតីភ្លាមៗ។
របាយការណ៍ពីគេហទំព័រ Telegraph និង The Mirror សន្មត់ថា សត្វឃ្មុំទំនងទិចត្រូវមាត់របស់លោក Kapur ប៉ះចំសរសៃដែលបណ្ដាលឲ្យកើតជាភាពតក់ស្លុតខ្លាំង និងធ្វើឲ្យកើតមានជាជំងឺគាំងបេះដូងភ្លាមៗ។
សូមជម្រាបដែរថា ទ្រព្យសម្បត្តិរបស់លោក Sunjay Kapur ត្រូវបានគេហទំព័រ Forbes អះអាងថា មានសរុប ១,២ពាន់លានដុល្លារ ហើយលោកគឺជាប្រធានក្រុមហ៊ុនលក់គ្រឿងបន្លាស់រថយន្តខ្នាតយក្ស Sona Comstar ដែលជាអ្នកផ្គត់ផ្គង់ក្រុមហ៊ុនរថយន្តជាច្រើនទូទាំងសកលលោក៕
អត្ថបទ៖ Luffy រូបភាព៖ UNILAD