ស្របពេលនៃការបន្តស្វែងរកដំណោះស្រាយផ្លូវច្បាប់នៅតុលាការICJ រាជរដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តបន្តការសន្ទនា និងច្រកការទូត។ កម្ពុជានឹងបន្តចូលរួមរកដំណោះស្រាយតាមរយៈក្របខ័ណ្ឌទ្វេភាគី ដែលមានស្រាប់ ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក (JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។


នៅក្នុងសេចក្តីថ្លៃងការណ៍បញ្ជាក់ថា តំបន់រសើបចំនួនបួន គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច នឹងមិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំJBC នាពេលខាងមុខនេះ ក្រោយពីវិវាទនៅតំបន់ខាងលើត្រូវបានបញ្ជូនទៅតុលាការICJ។
បើតាមសេចក្តីថ្លៃងការណ៍ កម្ពុជាសង្ឃឹមថា ប្រទេសថៃនឹងសហការបញ្ជូនសំណុំរឿងនេះទៅតុលាការICJ ក្នុងស្មារតីយុត្តិធម៌ ការកសាងទំនុកចិត្ត មិត្តភាពយូរអង្វែង និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាក៏បានបានត្រៀមខ្លួន បន្តកិច្ចដំណើរការនេះ ដោយឯករាជ្យម្ចាស់ការ ក្នុងករណីដែលមិនមានកិច្ចសហការណាមួយ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ពិនិត្យដំណើរការនៃការស្វែងរក ដំណោះស្រាយបញ្ហានេះដោយស្ងប់ស្ងាត់ អត់ធ្មត់ និងកុំធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហានៃអារម្មណ៍ ជាតិសាសន៍ ឬជាតិនិយមជ្រុល។ កម្ពុជាសូមគូសបញ្ជាក់ចំពោះសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រក្រតី ជាមួយប្រទេសថៃ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការទូលំទូលាយ លើវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនរបស់យើងទាំងពីរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម