Elon Musk ថាខកចិត្តខ្លាំង ចំពោះការចំណាយច្រើនលើសលុបរបស់រដ្ឋបាល Trump

បន្ទាប់ពីប្រកាសចុះចេញពីតំណែងជាក្បាលម៉ាស៊ីននាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE មហាសេដ្ឋី Elon Musk បានទម្លាយប្រាប់បណ្ដាញសារព័ត៌មាន CBS ថា លោកពិតជាមានការខកចិត្តជាខ្លាំង ចំពោះការចំណាយដ៏ច្រើនលើសលុបរបស់រដ្ឋបាលប្រធានាធិបតី Donald Trump។

តាមដានជាមួយយើង៖ Million Times

លោក Musk បាននិយាយថា ការចំណាយដ៏ច្រើនរបស់រដ្ឋបាលលោក Trump ហាក់បង្ហាញថា ប្រធានាធិបតីអាមេរិក មិនរវីរវល់ជាមួយការខិតខំប្រឹងប្រែងរបស់ DOGE ក្នុងការកាត់បន្ថយខ្ទង់ចំណាយរបស់រដ្ឋឡើយ។

ការលើកឡើងរបស់កំពូលមហាសេដ្ឋីរូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលលោក Trump គាំទ្រលើបទប្បញ្ញត្តិពន្ធ « One Big Beautiful Bill Act » ដែលការិយាល័យថវិកាសភាអះអាងថា នឹងបង្កើនឱនភាពថវិកា ៣,៨ទ្រីលានដុល្លារត្រឹមឆ្នាំ២០៣៤។

សូមជម្រាបដែរថា មហាសេដ្ឋី Elon Musk បានប្រកាសចុះចេញពីតួនាទីជាទីប្រឹក្សារបស់ប្រធានាធិបតី Donald Trump ទទួលបន្ទុកជាប្រធាននាយកដ្ឋាន DOGE មុនពេលកំណត់ ១៣០ថ្ងៃ ក្នុងនាមជាបុគ្គលិកពិសេសរដ្ឋាភិបាល។

លោក Musk បញ្ជាក់ថា ការលាលែងពីតំណែងរបស់លោកធ្វើឡើងដើម្បីផ្ដោតសំខាន់ លើមុខរបររកស៊ីវិញ ចំពេលតម្លៃហ៊ុន Tesla កំពុងធ្លាក់ស្រុតចុះជាលំដាប់ប៉ុន្មានខែចុងក្រោយ៕

អត្ថបទ៖ Luffy រូបភាព៖ Yahoo