ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៥នេះ ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ទៅកាន់ទីផ្សារប្រទេសចិន សម្រេចបាន ៧៧៨លានដុល្លារ ធ្លាក់ចុះរហូតដល់ ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។


សារព័ត៌មាន VNExpress ចុះផ្សាយថា មូលហេតុបណ្ដាលឲ្យទិន្នន័យនាំចេញផ្លែឈើរបស់វៀតណាម ដាំក្បាលចុះខ្លាំងបែបនេះ បណ្ដាលមកពីការរឹតបន្តឹងរបស់ចិន ចំពោះការត្រួតពិនិត្យទុរេននាំចូល ដែលប្រើពេលវេលាយូរ ធ្វើឲ្យផ្លែឈើប្រភេទនេះបាត់បង់គុណភាព។
អាជីវករវៀតណាមជាច្រើនបានបង្ហាញក្ដីបារម្ភថា បើសិនជាចិននៅតែបន្តអនុវត្តការរឹតបន្តឹងខ្លាំងបែបនេះ ទីផ្សារផ្លែឈើនាំចេញរបស់ខ្លួន ច្បាស់ជារងផលប៉ះពាល់ខ្លាំងជាងនេះជាមិនខាន ដ្បិតប្រទេសចិនគឺជាគោលដៅនាំចេញធំបំផុតរបស់ពួកគេ។
ពាក់ព័ន្ធនឹងបញ្ហាមួយនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក Do Duc Duy បានស្នើសុំការសហការ ជាមួយមន្ត្រីគយចិន ដើម្បីដករនាំងបច្ចេកទេសត្រួតពិនិត្យ និងធានាពីគុណភាពផលិតផល មុននាំចេញទៅកាន់ទីផ្សារប្រទេសចិន៕
អត្ថបទ៖ Luffy រូបភាព៖ VietnamNet