កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ចាប់ផ្ដើមនៅម៉ាឡេស៊ី ក្រោមប្រធានបទ «ការរួមបញ្ចូល និងនិរន្តរភាព»

ប្រទេសម៉ាឡេស៊ី ទទួលបានសិទ្ធរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ ដោយចាប់ផ្ដើមពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៧ ខែឧសភា ក្រោមប្រធានបទ «ការរួមបញ្ចូល និងនិរន្តរភាព»។

តាមដានជាមួយយើង៖ Million Times

កិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ខណៈនាយករដ្ឋមន្ត្រី Anwar Ibrahim បានទទូចឲ្យសមាជិកអាស៊ានទាំងអស់ ត្រូវតែធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងភាពផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោក ក៏ដូចជាធានាបានថា អាស៊ាននៅតែទទួលបានផលប្រយោជន៍រួម បើទោះជាស្ថានភាពសេដ្ឋកិច្ចសកលលោក មានភាពប្រែប្រួលបែបណា។

លោក Anwar បានសង្កត់ធ្ងន់ថា អាស៊ានមានដៃគូសំខាន់ៗជាច្រើន ដូច្នេះការពង្រឹងកិច្ចសហការតាមតំបន់ ជាពិសេសជាមួយចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតក្នុងតំបន់ និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) គឺជារឿងដែលចាំបាច់។

បន្ថែមពីនោះ ថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ីរូបនេះក៏បានសំណូមពរជាថ្មីថា បច្ចុប្បន្នបណ្ដាប្រទេសជាច្រើន រួមទាំងអាស៊ានកំពុងរងផលប៉ះពាល់ នៃគំនាបពន្ធគយពីអាមេរិក ដូច្នេះហើយសមាជិកអាស៊ានទាំងអស់គួរតែរួមដៃគ្នា ពង្រឹងពាណិជ្ជកម្មក្នុងតំបន់ឲ្យកាន់តែខ្លាំងជាងមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយសារបញ្ហាពន្ធគយអាមេរិក ក៏ដូចជាពង្រីកចរន្តសេដ្ឋកិច្ចរៀងៗខ្លួនផងដែរ៕

អត្ថបទ៖ Luffy រូបភាព៖ Bernama