គិតត្រឹមចុងខែមេសាកន្លងទៅ ធនាគារប្រជាជនចិន (PBOC) បានបន្តទិញមាសស្តុកទុកជាទុនបម្រុង រយៈពេល ៦ខែជាប់ៗគ្នា បើទោះជាតម្លៃមាសបានបន្តកើនឡើងខ្លាំង ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកកំពុងឡើងកម្ដៅ។


ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ថា កាលពីខែមុន PBOC បានទិញមាសប្រហែល ៧០ ០០០ត្រយអោន ឬប្រហែល ២,៤លានតោន ហើយសរុបការទិញមាស ៦ខែចុងក្រោយ ធនាគារកំពូលចិនបង្កើនទុនបម្រុងមាសរបស់ខ្លួនរហូតជិត ៣០តោន។
ធនាគារចិនជាច្រើនបានបង្កើនការទិញមាសរបស់ពួកគេ ច្រើនជាងមុនរហូតដល់ ៥ដង បើធៀបនឹងឆ្នាំ២០២២ ដោយក្នុងនោះធនាគារ PBOC មានទុនបម្រុងមាសច្រើនជាងគេ។

គួរជម្រាបដែរថា តម្លៃមាសបានកើនឡើងប្រហែល ៣០% គិតចាប់ពីដើមឆ្នាំ២០២៥ មកទល់ចុងខែមេសា ដោយសារភាពជ្រួលច្របល់នៃស្ថានភាពពាណិជ្ជកម្មរវាងចិន និងអាមេរិក។ ការសម្រុកទិញមាសរបស់ចិននេះ អាចជាសញ្ញាមួយបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្ម ទំនងមិនបញ្ចប់ស្រួលៗឡើយ ដ្បិតមាសគឺជារូបិយវត្ថុដ៏សំខាន់ និងរក្សាតម្លៃបានល្អបំផុត នៅពេលស្ថានភាពសេដ្ឋកិច្ចសកលជួបវិបត្តិ៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo