លោក ហួត ហាក់ ស្នើវិស័យឯកជនជួយបញ្ចុះតម្លៃផលិតផលទាំងការស្នាក់នៅ និងម្ហូបអាហារក្នុងរដូវកាលបៃតង

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងវិស័យទេសចរណ៍ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

តាមដានជាមួយយើង៖ Million Times

ដើម្បីពង្រឹងគុណភាពការធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងរដូវកាលបៃតង (Green Season) នេះ លោក ហួត ហាក់ បានស្នើវិស័យឯកជនត្រូវរួមគ្នាបញ្ចុះតម្លៃស្នាក់នៅតាមសណ្ឋាគារ និងម្ហូបអាហារ ការពង្រឹងបដិសណ្ឋារកិច្ចឲ្យល្អ និងកក់ក្តៅ។ ជាពិសេសត្រូវរួមគ្នាបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមបណ្តារាជធានីខេត្ត ដោយត្រូវរៀបចំជាលក្ខណៈយុទ្ធសាស្ត្រ និងប្រកបដោយភាពច្នៃប្រឌិត និងមានអត្តសញ្ញាណវប្បធម៌ខ្មែរ ជាពិសេសកិច្ចសហការឲ្យបានសកម្ម និងផុសផុលពីបណ្តាភាំគីពាក់ព័ន្ធទាំងអស់ ជាជវភាពនៃតួអង្គតែមួយ ដើម្បីរួមគ្នាសម្រេចឲ្យបាននូវកំណើនភ្ញៀវទេសចរបន្ថែមទៀតនាឆ្នាំ២០២៥ នេះ។

សូមជម្រាបថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មហាគ្រួសារវិស័យទេសចរណ៍ កាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៥ បានគាំទ្រការដាក់ចេញនូវយុទ្ធនាការ «រដូវកាលបៃតង» (Green Season) ជំនួសឲ្យពាក្យរដូវកាលថយភ្ញៀវនារដូវវស្សា ចាប់ពីខែមេសា ដល់ខែតុលា ដោយផ្តល់ជូនដល់អ្នកទេសចរនូវបទពិសោធ ទេសចរណ៍ដ៏សែនស្រស់ស្រាយ និងសម្រស់ដ៏ល្អឯករបស់ប្រទេសកម្ពុជានារដូវវស្សា ដែលទេសភាពពោរពេញដោយពណ៌បៃតង អាកាសធាតុត្រជាក់ និងបរិយាកាសដ៏ស្ងប់ស្ងាត់។

លោក ហួត ហាក់ បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជាមានចំនួនជិត២លាននាក់ ពោលគឺកើនឡើងជាង ១៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ លោកថា នេះសបញ្ជាក់ឲ្យឃើញអំពីសក្តានុពលទេសចរណ៍ និងសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជម្រើសការស្នាក់នៅ ម្ហូបអាហារដ៏មានឱជារស ការកម្សាន្តដ៏សម្បូរបែប ហេដ្ឋារចនាសម្ព័ន្ធមានការអភិវឌ្ឍ ដែលជំរុញឲ្យភ្ញៀវទេសចរ ជ្រើសរើសអញ្ជើញមកទស្សនា និងកម្សាន្តនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងទេសចរណ៍