កាលពីថ្ងៃអង្គារ ទី០៦ ខែឧសភា ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា លោកនឹងស្ម័គ្រចិត្តជួយបញ្ចប់គម្រោងបណ្ណាល័យ Obama Presidential Center របស់អតីតប្រធានាធិបតី Barack Obama ដែលជាប់គាំងអស់រយៈពេលរាប់ឆ្នាំ។


ទីភ្នាក់ងារព័ត៌មាន Fox News រាយការណ៍ថា ផ្អែកតាមបទពិសោធន៍របស់លោក Trump ក្នុងនាមជាអ្នកជំនួញអចលនទ្រព្យដ៏ល្បីម្នាក់ គម្រោងបណ្ណាល័យនៅទីក្រុង Chicago ដែលជាប់គាំងដោយសារការចំណាយលើសលុប និងពន្យារពេលតាំងពីឆ្នាំ២០២១ នឹងអាចបញ្ចប់ដោយរលូន។
គួររំលឹកបន្តិចថា គម្រោងបណ្ដាល័យ Obama Presidential Center ត្រូវបានបំផុសឡើងដោយអតីតមេដឹកនាំអាមេរិក Barack Obama ដែលក្នុងនោះរួមមានទាំងសារមន្ទីរ បណ្ណាល័យស្រាវជ្រាវ និងកម្មវិធីសិក្សាផ្សេងៗ។ មជ្ឈមណ្ឌលមួយនេះក៏នឹងក្លាយជាសហគមន៍ និងជាមូលដ្ឋានរបស់អង្គការមិនរកប្រាក់ចំណេញ Obama Foundation ផងដែរ។

ដំណើរការសាងសង់បានចាប់ផ្ដើមឡើងក្នុងឆ្នាំ២០២១ លើផ្ទៃដីទំហំ ៧,៨ហិកតា ដោយមានដើមទុន ៣៥០លានដុល្លារ។ ប៉ុន្តែតាំងពីបុកគ្រឹះសាងសង់ ការចំណាយចំពោះគម្រោងមួយនេះបានបន្តកើនឡើងលើសការរំពឹងទុក ដោយបច្ចុប្បន្នថវិកាដែលចំណាយលើគម្រោងនេះ កើនដល់ ៨៣០លានដុល្លារ។
ទោះជាយ៉ាងណា អនុប្រធាននៃអង្គការ Obama Foundation អ្នកនាង Emily Bittner បានអះអាងថា ផែនការមួយនេះ នឹងមិនត្រូវការជំនួយពីលោក Trump ឡើយ ពោលពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបញ្ចប់វាតាមពេលកំណត់ ដោយគ្រោងបើកសម្ពោធនៅឆ្នាំ២០២៦ ខាងមុខ៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo