សម្តេច ហ៊ុន សែន ផ្តួចផ្តើមគំនិតបង្កើតឲ្យមានវេទិកាប្រជុំកំពូលព្រឹទ្ធសភា ដើរតួដោះស្រាយបញ្ហាក្នុងតំបន់អាស៊ាន

សម្តេច ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តីដែលកាន់ដំណែងយូរជាងគេលើពិភពលោក និងក្នុងតំបន់អាស៊ាន។ ពេលនេះសម្តេចបានផ្តួចផ្តើមគំនិតបង្កើតវេទិកាប្រជុំកំពូលព្រឹទ្ធសភា នៅក្នុងតំបន់អាស៊ាន សម្រាប់ពង្រឹងនូវទំនាក់ទំនងមិត្តភាព និងដោះស្រាយបញ្ហាក្នុងតំបន់។

តាមដានជាមួយយើង៖ Million Times

នៅក្នុងពេលពិភាក្សាការងារជាមួយលោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន (Bachtiar Najamudin) ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី នៅវិមានព្រឹទ្ធសភា រដ្ឋធានីហ្សាការតា នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលេចអំពីការចូលរួមដ៏សកម្មក្នុងព្រឹទ្ធសភារវាងប្រទេសទាំងពីរ ដោយភាគីទាំងពីរ បានលើកឡើងនូវគំនិតរួមមួយដូចគ្នា ដែលជាគំនិតថ្មី គឺការបង្កើតឲ្យមានវេទិកាប្រជុំកំពូលព្រឹទ្ធសភា នៅក្នុងតំបន់អាស៊ាន។ 

សម្ដេចថា វាជាការចាំបាច់ណាស់ដែលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ានដើរតួនាទីសំខាន់បន្ថែមទៀត ក្នុងការពង្រឹងនូវទំនាក់ទំនងមិត្តភាព ក៏ដូចជាការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន។ សម្ដេចបានលើកឡើងថា នៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះស្រាប់ គឺជាលេខាធិការដ្ឋានអាស៊ាន ដូច្នេះយើងអាចបង្កើតនូវគំនិតមួយនេះ ដើម្បីឲ្យមានការគាំទ្រ ហើយរៀបចំនូវវេទិកានេះឡើង ។ 

ទស្សនទានរបស់ សម្ដេច ហ៊ុន សែន ត្រូវបានប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី គាំទ្រ ១០០% ចំពោះការបង្កើតឲ្យមានវេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាន នេះ ដោយ លោកបានរំលេចថា វេទិកាកិច្ចប្រជុំកំពូលព្រឹទ្ធសភានៅក្នុងតំបន់អាស៊ាននេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងនៅក្នុងតំបន់អាស៊ាន ក៏ដូចជាការបង្ហាញនូវតួនាទីរបស់ព្រឹទ្ធសភាបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហានៅក្នុងតំបន់អាស៊ាន ឱ្យបានកាន់តែល្អប្រសើរគ្រប់ផ្នែក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ