រដ្ឋបាលលោក Trump ដាក់សកលវិទ្យាល័យ Harvard ក្នុងបញ្ជីឈ្មោះសាលាលែងទទួលបានជំនួយ

កាលពីថ្ងៃចន្ទ ទី០៥ ខែឧសភា រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសជាសាធារណៈថា សកលវិទ្យាល័យ Harvard បានចូលក្នុងបញ្ជីឈ្មោះសាលា ដែលនឹងលែងទទួលបានជំនួយពីសហព័ន្ធតទៀតហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

តាមដានជាមួយយើង៖ Million Times

លោកស្រី Linda McMahon រដ្ឋមន្ត្រីក្រសួងអប់រំបានសរសេរលិខិតមួយ ផ្ញើទៅកាន់នាយកសកលវិទ្យាល័យ Harvard និងបានបង្ហោះលើអនឡាញថា សកលវិទ្យាល័យមួយនេះ គួរតែឈប់ស្នើសុំប្រាក់ឧបត្ថម្ភពីសហព័ន្ធតទៀត ព្រោះពួកគេនឹងលែងទទួលបានជំនួយទៀតហើយ។

រដ្ឋមន្ត្រីរូបនេះអះអាងថា សកលវិទ្យាល័យ Harvard បានបរាជ័យក្នុងការគោរពតាមកាតព្វកិច្ចផ្លូវច្បាប់ កាតព្វកិច្ចសីលធម៌ និងសច្ចៈធម៌ ការទទួលខុសត្រូវតម្លាភាព និងរូបភាពនៃភាពតឹងរ៉ឹងផ្នែកសិក្សា ជាហេតុធ្វើឲ្យរដ្ឋាភិបាលបញ្ឈប់ការផ្ដល់ជំនួយសម្រាប់ពួកគេ។

គួររំលឹកបន្តិចថា ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ រដ្ឋបាលប្រធានាធិបតី Donald Trump បាននឹងកំពុងធ្វើការយ៉ាងខ្នះខ្នែង ជុំវិញវិធានការផ្ដាច់ជំនួយសម្រាប់សកលវិទ្យាល័យកំពូលៗនៅអាមេរិក ដែលជាផ្នែកមួយនេះគម្រោងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល៕

អត្ថបទ៖ Luffy រូបភាព៖ Sinar Daily