សម្ដេច ហ៊ុន សែន បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ រយៈពេល ៥ថ្ងៃ

នៅព្រឹកថ្ងៃចន្ទនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។

តាមកម្មវិធីគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្ដេច ហ៊ុន សែន នឹងមានជំនួបសម្តែង ការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, លោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកស្រី ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។ 

ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្ដេចប្រធានព្រឹទ្ធសភា នឹងបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន (១) ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន និង (២)ផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចនឹងថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំឥណ្ឌូណេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី។

ដោយឡែកអំឡុងទស្សនកិច្ចផ្លូវការនៅទីម័រឡេស្តេ សម្តេចហ៊ុន សែន នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយលោក ចូហ្សេ រ៉ាមូស អវតា ប្រធានាធិបតីទីម័រឡេស្តេ, លោក កៃ វ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកស្រី ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្ដេចនឹងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។ 

គួរកត់សំគាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្ដេចក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ប្រធានាធិបតីទីម័រឡេស្ដ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕ 

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ផេកសម្តេចតេជោ