សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននៅទូទាំងប្រទេស លើកទី៧ សរុបប្រមាណជាង ៥ពាន់នាក់។


ក្នុងឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអ្នកសារព័ត៌មានទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន ដែលបានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងកម្មវិធីនយោបាយ គោលនយោបាយ ក៏ដូចជា លិខិតបទដ្ឋានគតិយុត្ត និង សមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ ឱ្យ ទទួលបាននូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ហើយនាំយកសំណូមពរ ក្តីកង្វល់ បញ្ហា នានាក្នុងសង្គម ក៏ដូចជាការយល់ឃើញ និង ទស្សនៈរបស់ប្រជាពលរដ្ឋ មកជូនរាជរដ្ឋាភិបាល បានទាន់ពេលវេលា។
សម្តេចមានប្រសាសន៍ថា អ្នកសារព័ត៌មានអាជីព គឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម ដែលជាមូលដ្ឋាននៃការកសាង «សច្ចភាពប្រវត្តិសាស្ត្រ» និងជួយឱ្យប្រជាជនចៀសផុតពីការបំភ័ន្ត ការបំភ្លៃ និងការបំផ្លើស ដោយជនអគតិ និងឈ្មួញនយោបាយ ព្រមទាំងជួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាបានទាន់សភាពការណ៍និងចំគោលដៅ។
សម្តេចបានថ្លែងថា ក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ សម្តេចបន្តថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណជន ហើយនាំយកបញ្ហាសង្គមនិងទុក្ខធុរៈរបស់ប្រជាជនមកប្រាប់រាជរដ្ឋាភិបាលវិញ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី