រដ្ឋបាលប្រធានាធិបតី Donald Trump បានរៀបចំ និងកំពុងដាក់សំណើទៅកាន់សភា ដើម្បីសុំការអនុម័តកញ្ចប់ថវិកាការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២៦ ដែលជាចំនួនខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្រអាមេរិក។


សារព័ត៌មាន Bloomberg បានចុះផ្សាយថា គម្រោងចំណាយដើម្បីការការពារជាតិរបស់លោក Trump មានតម្លៃរហូតដល់ ១,០១ទ្រីលានដុល្លារអាមេរិក នៅក្នុងឆ្នាំសារពើពន្ធ២០២៦ ដែលរាប់ចាប់ពីថ្ងៃទី០១ ខែតុលាតទៅ។
ផែនការការពារជាតិរបស់ប្រធានាធិបតីអាមេរិក គឺផ្ដោតសំខាន់បំផុតលើការផលិតប្រព័ន្ធខែលការពារគ្រាប់មីស៊ីល ការផលិតនាវា ទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរ សន្តិសុខព្រំដែន និងការដំឡើងប្រាក់ឈ្នួល ៣,៨% សម្រាប់បុគ្គលិកយោធា។
គម្រោងនេះផងដែរ ក៏បានរាប់បញ្ចូលនូវការផ្ដល់ជំនួយបន្ថែមចំពោះក្រសួងថាមពល ការិយាល័យស៊ើបអង្កេតសហព័ន្ធ និងទីភ្នាក់ងាររដ្ឋាភិបាលមួយចំនួនទៀត ខណៈកញ្ចប់ចំណាយសម្រាប់សន្តិសុខជាតិអាមេរិកក្នុងឆ្នាំនេះ មានចំនួន ៨៩២,៣ពាន់លានដុល្លារ។

សំណើរបស់រដ្ឋបាលលោក Trump សារនេះ ត្រូវបានអ្នកតាមដាននយោបាយពិភពលោកអះអាងថា នឹងបង្កព្យុះភ្លៀងក្នុងសភា ដ្បិតកន្លងមកសមាជិកសភា តែងតែរិះគន់មន្ទីរបញ្ចកោណម្ដងហើយម្ដងទៀត ជុំវិញភាពបរាជ័យក្នុងការធ្វើសវនកម្មពេញលេញ ស្របពេលបច្ចុប្បន្នសមាជិកសភាមួយចំនួនបានរិះគន់ថា មន្ទីរបញ្ចកោណចំណាយខ្ជះខ្ជាយ និងមានករណីកិបកេងថវិការដ្ឋជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ AP