បេក្ខភាពគ្រប់គ្រង NASA ដែល Trump ជ្រើសរើស ធ្លាប់មានប្រវត្តិចេញសែកស្អុយនៅកាស៊ីណូ

មហាសេដ្ឋី Jared Isaacman បេក្ខភាពដែលប្រធានាធិបតីអាមេរិក Donald Trump ជ្រើសរើសសម្រាប់ការគ្រប់គ្រងអង្គការ NASA ធ្លាប់ត្រូវបានឃុំខ្លួនម្ដងកាលពីឆ្នាំ២០១០ បន្ទាប់ពីរងការចោទប្រកាន់ថា លោកបានចេញសែកស្អុយចំនួន ២លានដុល្លារ អំឡុងពេលចូលលេងកាស៊ីណូ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារ Reuters បានចុះផ្សាយថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ នាយកដ្ឋានគយ និងការការពារព្រំដែនសហរដ្ឋអាមេរិក បានចាប់ខ្លួនលោក Isaacman តាមបទបញ្ជាពាក់ព័ន្ធនឹងករណីឆបោកនៅទីក្រុងវ៉ាស៊ីងតោន ហើយបានបញ្ជូន និងឃុំខ្លួនក្នុងពន្ធនាគារនៃរដ្ឋ Nevada។ តាមរបាយការណ៍ពីពន្ធនាគារបង្ហាញថា លោកត្រូវបានដោះលែងឲ្យមានសេរីភាពវិញនាថ្ងៃបន្ទាប់ ដោយមិនបញ្ជាក់ពីព័ត៌មានលម្អិត។

ពាក់ព័ន្ធនឹងករណីមួយនេះ លោក Isaacman ធ្លាប់បានប្រាប់សារព័ត៌មានថា ការចាប់ខ្លួនរបស់លោកកើតឡើងដោយសារបញ្ហាផ្ទាល់ខ្លួន ជាមួយកាស៊ីណូ Palms Casino Resort ក្នុងទីក្រុង Las Vegas ហើយលោកបានដោះស្រាយវាក្នុងរយៈពេលតិចជាង ២៤ម៉ោង ដូច្នេះទើបរឿងក្ដីនេះមិនមានបញ្ហាសាំញ៉ាំច្រើន។

បើទោះជាស្ថាបនិកក្រុមហ៊ុន Shift4 Payments ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារបែបនេះក្ដី ប៉ុន្តែអ្នកនាំពាក្យសេតវិមាន អ្នកនាង Liz Huston បានអះអាងថា លោក Isaacman នៅតែជាបេក្ខភាពលេចធ្លោរមួយរូប និងមានសិទ្ធគ្រប់គ្រាន់ក្នុងការក្លាយជាអ្នកគ្រប់គ្រងលើវិស័យវិទ្យាសាស្ត្រលំហអាកាស បច្ចេកវិទ្យា និងការរុករក។

លោក Isaacman ក៏បានចេញមុខទទួលស្គាល់កំហុសពីអតីតកាល និងបានអះអាង បច្ចុប្បន្នលោកបានកែខ្លួន ហើយកំពុងរង់ចាំចម្លើយពីសភា ជុំវិញសេចក្ដីសម្រេចថា តើមហាសេដ្ឋីម្នាក់នេះ មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង NASA ឬយ៉ាងណា? មហាសេដ្ឋីមានទ្រព្យសម្បត្តិ ១,៤ពាន់លានដុល្លាររូបនេះ នឹងចូលរួមកិច្ចប្រជុំសភា ដើម្បីស្ដាប់ពីលទ្ធផលនៅថ្ងៃពុធ ទី៣០ ខែមេសាខាងមុខ៕

អត្ថបទ៖ Luffy រូបភាព៖ France24