សម្តេច ហ៊ុន សែន ប្រាប់អ្នករិះគន់ថា ឧកញ៉ាជាសម្ព័ន្ធភាពរបស់ CPP ក្រឡេកមើលអាមេរិកយកសុទ្ធមហាសេដ្ឋីកំពូលមកជួយដឹកនាំប្រទេស

ឆ្លើយតបនឹងការលើកឡើងថា ឧកញ៉ាជាសម្ព័ន្ធភាពរបស់រដ្ឋាភិបាលកម្ពុជា ឬបក្សប្រជាជនកម្ពុជា ក្នុងនាមប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា សម្តេច ហ៊ុន សែន ប្រាប់ឱ្យក្រុមប្រឆាំងក្រឡេកមើលសហរដ្ឋអាមេរិក ដែលយកមហាសេដ្ឋីកំពូលមកជួយដឹកនាំប្រទេស។

ការចោទសួរទៅកាន់អ្នកនយោបាយ និងក្រុមប្រឆាំងនៅក្រៅប្រទេសរបស់សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ា នាល្ងាចថ្ងៃទី១៤ ខែមីនានេះ។ សម្តេចចោទជាសំណួរទៅកាន់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែរិះគន់ថា ក្រុមឧកញ៉ាកម្ពុជាថាសុទ្ធតែជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា ចុះប្រធានាធិបតី Donald Trump យកសុទ្ធមហាសេដ្ឋី យកទៅគ្រប់គ្រងរដ្ឋអាមេរិកវិញ តើពួកអ្នកគិតយ៉ាងណាដែរ?

តាមដានជាមួយយើង៖ Million Times

សម្តេច ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណចំពោះសកម្មភាពរបស់សមាគមឧកញ៉ា ដែលបានធ្វើនាពេលកន្លងទៅសម្រាប់សង្គមជាតិ ជាពិសេសរួមគ្នាថ្វាយដង្វាយដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ។

សម្តេចប្រមុខរដ្ឋស្តីទី ក៏បានអំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាទាំងអស់ មិនថាឧកញ៉ា ឬមិនឧកញ៉ានោះទេ គប្បីត្រូវរួមគ្នាធ្វើឲ្យសម្រេចបាននូវគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ ហើយត្រូវធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០ និងត្រូវធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសសម្រេចគោលដៅនៅឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។

សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល បក្សនយោបាយនានា និងប្រជាជនកម្ពុជា នឹងរួមចំណែកមិនធ្វើឱ្យកម្ពុជា ធ្លាក់ទៅក្នុងអន្ទាក់ជាប្រទេសមាន ចំណូលមធ្យម គឺត្រូវរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ជាប្រទេសមានការអភិវឌ្ឍ»។

ជាមួយគ្នានេះ សម្ដេចមានប្រសាសន៍បន្តថា កម្ពុជាកំពុងខ្វះកម្លាំងពលកម្មហើយ ដូច្នេះសម្ដេចស្នើឱ្យពលករស្វែងការងារធ្វើនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ