អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក To Lam និងភរិយា កំពុងត្រៀមធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសឥណ្ឌូណេស៊ី លេខាធិការដ្ឋានអាស៊ាន និងប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៣ ខែមីនា។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន VNExpress។


ក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក To Lam ធ្វើឡើងតាមការអញ្ជើញពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសទាំង២ខាងលើ វៀតណាមរំពឹងថា នឹងទទួលបានផ្លែផ្កាខ្ពស់ ដូចជា ការរឹតបន្តឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងសិង្ហបុរី ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់ជាដើម។
សូមជម្រាបដែរថា ឥណ្ឌូណេស៊ីគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់វៀតណាមនៅក្នុងតំបន់អាស៊ាន ដោយកាលពីឆ្នាំ២០២៤ សម្រេចបានពាណិជ្ជកម្មទ្វេភាគី ១៦,៧ពាន់លានដុល្លារ ស្របពេលសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៤ ក្នុងតំបន់ ដោយសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង ១០ពាន់លានដុល្លារ កាលពីឆ្នាំមុន៕
អត្ថបទ៖ Luffy រូបភាព៖ VNExpress