ក្នុងឱកាសពិធីអបអរសាទរឆ្លងឆ្នាំសកល ២០២៥ នៅប្រទេសកម្ពុជាមានសកម្មភាពសប្បាយរីករាយជាងឆ្នាំកន្លងទៅ ដោយក្រៅពីរាជធានីភ្នំពេញដែលរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា» នៅតាមបណ្តាខេត្តទាំង២៤ក៏ឃើញមានកំណើនអ្នកដើរកម្សាន្តទៅតបន់ទេសចរណ៍វប្បធម៌ ប្រពៃណី តំបន់ភ្នំ តំបន់សមុទ្រ និងកន្លែងកម្សាន្តដទៃទៀតយ៉ាងច្រើនកុះកុរ។
យោងតាមស្ថិតិទេសចរជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមបណ្ដារាជធានី-ខេត្ត ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៣ ៥៣៥ ៣២៥នាក់ ក្នុងនោះទេសចរជាតិ សរុបប្រមាណ ៣ ៤៨៨ ០៦៥ នាក់ និងទេសចរអន្តរជាតិ សរុបប្រមាណ ៤៧ ២៦០នាក់។


ប្រភពមន្ទីរទេសចរណ៍រាជធានី ខេត្តដែលបណ្តាញសង្គមសម្តេចនាយករដ្ឋមន្រ្តីផ្សព្វផ្សាយបានឲ្យដឹងថា រាជធានីភ្នំពេញមានអ្នកទេសចរណ៍ច្រើនជាងគេបង្អស់ ប្រមាណ ១,៥៧៣,៤៧៩នាក់ ឈរលំដាប់ទី២ ខេត្តព្រះសីហនុ មានប្រមាណ ៤២២,៨២៩នាក់ ខណៈខេត្តសៀមរាប មានចំនួនប្រមាណ ៣៣៣,៦៦០នាក់។
យោងតាមស្ថិតទេសចណ៍ដដែល ចំនួនភ្ញៀវទេសចរណ៍សុទ្ធមានការកើនឡើង បើទោះបីនៅរាជធានីភ្នំពេញមានអ្នកទេសចរណ៍ច្រើនដាច់គេក៏ដោយសារមានរៀបចំព្រឹត្តិការណ៍ដ៏ធំ «សាទរកម្ពុជា» ចំថ្ងៃឆ្លងឆ្នាំតែម្តងដែលជាសកម្មភាពផ្សព្វផ្សាយពីកម្ពុជាទៅកាន់អន្តរជាតិ។
ព្រឹត្តិការណ៍«សាទរកម្ពុជា» មានអនុស្សាវរីយ៍រូបភាពដ៏ស្រស់ស្អាត ទាក់ទាញ ពោរពេញដោយសេចក្តីសប្បាយរីករាយ ស្នាមញញឹម របស់បងប្អូន អ៊ំពូមីង តាយាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាមួយនឹងផ្ទាំងទស្សនីយភាពនៃការសម្តែងសិល្ប:បុរាណ សម័យ និងទំនេីបរបស់សិល្បករ សិល្បការីនីជាច្រេីនរូប។ ជាមួយគ្នានេះ ក៏មានការរាប់ថយក្រោយសាទរឆ្នាំថ្មី ឆ្នាំសាកល ២០២៥ អមជាមួយនឹងកាំជ្រួចដ៏ស្រស់ស្អាតផងដែរ៕




អត្ថបទ៖ សាងតេជៈ រូបភាព៖ មន្ទីរទេសចរណ៍រាជធានីខេត្ត