Biden និង Trump ដឹកនាំការគោរពដល់អតីតប្រធានាធិបតី Jimmy Carter ទទួលមរណភាពក្នុងជន្មាយុ ១០០ឆ្នាំ

នៅថ្ងៃចន្ទនេះ លោក Joe Biden និង Donald Trump បានដឹកនាំគណៈប្រតិភូគោរពវិញ្ញាណខក្ខន្ធដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាជ័យលាភីរង្វាន់ណូបែលសន្តិភាព លោក Jimmy Carter ដែលបានទទួលមរណភាពក្នុងអាយុ ១០០ឆ្នាំ។

សារព័ត៌មាន BBC បានឲ្យដឹងថា លោក Jimmy Carter មាន​អាយុ​វែង​ជាង​គេបំផុតសម្រាប់បុគ្គលដែលធ្លាប់កាន់ដំណែងប្រធានាធិបតី​​ក្នុង​ប្រវត្តិសាស្ត្រ​ បាន​ទទួល​មរណភាព​នារសៀល​ថ្ងៃ​អាទិត្យ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ទីក្រុង Plains រដ្ឋ Georgia។

តាមដានជាមួយយើង៖ Million Times

លោក Carter ជាកូនកសិករដាំសណ្តែកដី ដែលក្លាយជាប្រធានាធិបតីអាមេរិកអំឡុងនៅឆ្នាំ១៩៧៧។ បន្ទាប់ពីចាកចេញពីសេតវិមានតាមរយៈការងារមនុស្សធម៌លោកទទួលបានរង្វាន់ណូបែលសន្តិភាព។

លោក Biden និង Trump បានសរសេរក្នុងសៀវភៅកំណត់ត្រាសារំលែកទុក្ខយ៉ាងដូច្នេះថា «Carter ជាបុរសដែលមានគោលការណ៍ និងជំនឿ»។ ចំណែកឯលោក Trump បានសរសេរថា «ជនជាតិអាមេរិកទាំងអស់ជំពាក់គុណ និងដឹងគុណ Carter»។

ប្រធានាធិបតី Biden និងជំទាវទីមួយ Jill Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ថ្ងៃនេះ អាមេរិក និងពិភពលោកបានបាត់បង់មេដឹកនាំវិសាមញ្ញ រដ្ឋបុរស និងមនុស្សធម៌»។ ទន្ទឹមជាមួយគ្នានេះ លោកបានផ្ញើសារទៅកាន់យុវជនទាំងអស់នៅក្នុងជាតិនេះ និងសម្រាប់នរណាដែលស្វែងរកអត្ថន័យនៃជីវិតដែលមានគោលបំណង និងអត្ថន័យជីវិតល្អ ចូរសិក្សាពីលោក Jimmy Carter ដែលជារដ្ឋបុរសនៃគោលការណ៍ និងជំនឿ។

លោកថា «គាត់​បាន​បង្ហាញ​ថា​ យើង​ជា​ជាតិ​ដ៏​អស្ចារ្យ​ ព្រោះ​យើង​ជា​មនុស្ស​ល្អ សមរម្យ ​កិត្តិយស ក្លាហាន និង​មាន​ចិត្ត​មេត្តា បន្ទាប​ខ្លួន និង​ខ្លាំង»។

បន្ថែមទៀតនោះ លោក Biden បានប្រកាសថា ទិវាកាន់ទុក្ខជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ដោយជនជាតិអាមេរិកលើកទឹកចិត្តឱ្យទៅទស្សនាកន្លែងគោរពបូជា ដើម្បីគោរពបូជាដល់អតីតប្រធានាធិបតីរូបនេះ។ លោកក៏បានបញ្ជាឱ្យដាក់ទង់ជាតិនៅពាក់កណ្តាលបង្គោលនៅគ្រប់អគារសាធារណៈ និងយោធារយៈពេល ៣០ថ្ងៃ ដែលជារយៈពេលរួមបញ្ចូលនូវការទទួលស្វាគមន៍ប្រធានាធិបតីជាប់ឆ្នោត Trump ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ BBC