ក្រុមហ៊ុន Spring Airlines ចាប់ផ្តើមហោះហើរឡើងវិញមកកម្ពុជា ដោយជើងដំបូងមានភ្ញៀវទេសចរណ៍ ១២២នាក់

ក្នុងពេលប្រកាសជើងហោះហើរត្រង់ឡើងវិញមកកាន់កម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានដឹកអ្នកដំណើរអន្តរជាតិសម្រាប់ជើងហោះហើរលើកទី១ ចំនួន ១២២នាក់ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

ការបើកជើងហោះហើរលើកទី១នាពេលនេះ ត្រូវបានរៀបចំពិធីស្វាគមន៍ដោយមានការលេងឆៃយាំង និងជូនកាដូក្រមាខ្មែរពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

តាមដានជាមួយយើង៖ Million Times

សម្រាប់អ្នកដំណើរអន្តរជាតិ តាមជើងហោះហើរទី១នេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន បានបង្ហាញនូវការសប្បាយរីករាយ ដែលបានសហការ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រសួងទេសចរណ៍ ក្នុងការទទួលភ្ញៀវទេសចរចិន ដែលបានបង្កើនជើងយន្ដហោះ ពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ»។ លោកគូសបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាសសរស្ដម្ភសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ក៏ជាស្បៀងសំខាន់ សម្រាប់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

សូមជម្រាបថា មុនវិបត្តិកូវីដ១៩នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines ធ្លាប់បានហោះហើរ ចេញ-ចូល ប្រទេសកម្ពុជា បានចំនួន៦២ជើង ក្នុងមួយសប្ដាហ៍។

បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បានចាប់ផ្តើមហោះហើរឡើងវិញ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ជើងហោះហើរ នឹងដំណើរការ៣ជើង ក្នុងមួយសប្តាហ៍ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងទេសចរណ៍