ថ្នាក់ដឹកនាំក្រុមហ៊ុន Jeju Air សុំទោសចំពោះការធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងបណ្តាឲ្យមនុស្ស ១៥១នាក់ស្លាប់

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air បានសុំទោសជនរងគ្រោះក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិ Muan របស់ប្រទេសកូរ៉េខាងត្បូង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥១ នាក់នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នាយកប្រតិបត្តិ លោក Kim E-bae បាននិយាយថា មូលហេតុនៃការធ្លាក់នេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ដោយថាយន្តហោះនេះ មិនមានកំណត់ត្រានៃគ្រោះថ្នាក់ និងមិនមានសញ្ញាដំបូងនៃការដំណើរការខុសប្រក្រតីនោះទេ។

តាមដានជាមួយយើង៖ Million Times

ក្រសួងដឹកជញ្ជូនរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា យន្តហោះ Jeju Air ចាកចេញពីរាជធានីបាងកកប្រទេសថៃជាមួយនឹងមនុស្ស ១៨១នាក់នៅលើយន្តហោះនោះ បានព្យាយាមចុះចតភ្លាមៗនៅព្រលានយន្តហោះភាគខាងត្បូងនៃប្រទេសនៅពេលឧបទ្ទវហេតុបានកើតឡើង។ 

យន្តហោះ​នោះ​បាន​បុក​របាំង​ការពារ ហើយ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ។ វីដេអូបង្ហាញពីយន្តហោះ Jeju Air ចុះចតលើផ្លូវរត់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ដោយបានរអិលចេញពីផ្លូវរត់ ខណៈដែលមានផ្សែងហុយចេញពីម៉ាស៊ីន មុនពេលធ្លាក់បុកចូលជញ្ជាំង និងផ្ទុះជាអណ្តាតភ្លើង៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ AP Photo/Ahn Young-joon