វិនិយោគិនអាមេរិកមានភរិយាខ្មែរ ប្តេជ្ញាពង្រីកនូវទំនាក់ទំនងធុរកិច្ចអាមេរិក-កម្ពុជា ក្នុងសករាជរដ្ឋបាលប្រធានាធិបតី Donald Trump

ថ្លែងអះអាងនៅចំពោះមុខប្រធានព្រឹទ្ធសភាកម្ពុជា នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក បានធ្វើការប្តេជ្ញាចិត្តនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេស ក្នុងសករាជនៃរដ្ឋបាលថ្មីរបស់ប្រធានាធិបតីDonald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។

ក្នុងជំនួបលក្ខណៈគ្រួសារជាមួយសម្តេច ហ៊ុន​ សែន ប្រធានព្រឹទ្ធសភា នៅវិមាន៧មករា នាព្រឹកថ្ងៃសុក្រនេះ អំឡុងស្នាក់នៅរាជធានីភ្នំពេញ លោក Chris Larsen ប្រធានប្រតិបត្តិក្រុមហ៊ុន រ៉ីបផល អាមេរិក (Ripple Inc) និងភរិយាគឺលោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ បានមើលឃើញផ្ទាល់អំពីភាពរីកចម្រើន និងការអភវិឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស សេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់។

តាមដានជាមួយយើង៖ Million Times

លោកបញ្ជាក់ថា លោកនិងក្រុមគ្រួសារនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹងនិងពង្រីកនូវទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេស ក្នុងសករាជនៃរដ្ឋបាលថ្មីរបស់ប្រធានាធិបតីDonald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។ លោកថា លោកកំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេច បានធ្វើការជាមួយនឹងថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីរដ្ឋបាលប្រធានាធិបតី Gorge H. W. Bush រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស ធ្លាប់បានជួបប្រាស្រ័យផ្ទាល់ចំនួនពីរដងជាមួយ លោក ដូណាល់ ត្រាំ នៅពេលលោកជាប្រធានាធិបតី ក្នុងរដ្ឋបាលទី១របស់លោក។ សម្តេចបន្តថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ ស.រ.អា ជាពិសេស ការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។

សម្តេចបន្តថា សម្តេចមានក្តីរីករាយ និងគាំទ្រ លោក Chris Larsen ចំពោះការស្វែងរកនូវកាលានុវត្តភាពថ្មីៗក្នុងការនាំចេញនូវបន្ទះសូឡាពីកម្ពុជាទៅសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា កម្ពុជាមិនមានគោលនយោបាយស្តីពីឧបត្ថម្ភធនដល់សហគ្រាសឯកជន សម្រាប់ការផលិតនំាចេញនោះទេ ដែលវាពិតជាផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។ សម្តេច បានសម្តែងការគាំទ្រផងដែរដល់ លោក Chris Larsen ដែលបានបង្ហាញពីបំណងក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង ស.រ.អា តាមរយៈវិស័យធុរកិច្ច ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែត្រូវការ និង ស្វាគមន៍ជានិច្ច វិនិយោគិនពីអាមេរិក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកសម្តេចតេជោ