អ្នកនាង Lara Trump កូនប្រសារស្រីរបស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយកាលពីថ្ងៃសោរ៍ ទី២១ ខែធ្នូថា អ្នកនាងនឹងច្រានចោលនូវឱកាសក្លាយជាសមាជិកព្រឹទ្ធសភារដ្ឋ Florida បន្ទាប់ពីលោក Trump មានបំណងចាត់តាំងនាង ជាបេក្ខភាពសម្រាប់តួនាទីមួយនេះ។


ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា កាលពីប៉ុន្មានសប្ដាហ៍មុន លោក Trump បានចុចឈ្មោះកូនប្រសារស្រីរូបនេះ ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ជំនួសលោក Marco Rubio ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការរដ្ឋបាល សម្រាប់អាណត្តិដឹកនាំថ្មីរបស់លោក Trump។
អ្នកនាង Lara បានបង្ហោះសារលើបណ្ដាញសង្គម X ថា «ឆ្លងកាត់ការពិចារណាអស់ជាច្រើនថ្ងៃ និងការផ្ដល់យោបល់ពីមនុស្សជុំវិញខ្លួន ខ្ញុំបានសម្រេចចិត្តដកឈ្មោះខ្ញុំ ពីបញ្ជីបេក្ខភាពសមាជិកព្រឹទ្ធសភាអាមេរិក»។ ទោះជាច្រានចោលនូវឱកាសដ៏ធំមួយនេះក្ដី តែកូនប្រសារស្រីរបស់លោក Trump បង្ហើបថា នាងនឹងមានដំណឹងដ៏ល្អមួយ ត្រៀមប្រកាសនៅខែមករាខាងមុខ។
សូមជម្រាបបន្ថែមថា ក្រៅពីបោះបង់តំណែងជាសមាជិកព្រឹទ្ធសភា អ្នកនាង Lara Trump ក៏បានលាលែងពីតួនាទីជាសហប្រធានគណៈកម្មាធិការជាតិសាធារណរដ្ឋថែមទៀត។
អ្នកនាង Lara គឺជាអ្នកនយោបាយស្រីមានឥទ្ធិពលម្នាក់ក្នុងគណបក្សសាធារណរដ្ឋ និងជាបុគ្គលសំខាន់មួយរូប ដែលជួយឲ្យឪពុកក្មេក មានឱកាសក្លាយជាប្រធានាធិបតីអាមេរិកជាលើកទី២ ផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ AP