ព្រឹត្តិការណ៍ «សាទរកម្ពុជា» រៀបចំឡើងជាការសាទរគុណតម្លៃរួមគ្នា ដើម្បីបង្ហាញមោទនភាពចំពោះសមិទ្ធផលនៃការអភិវឌ្ឍនសង្គមសេដ្ឋកិច្ចកម្ពុជា

លោក សុខ សប្បាយណា សមាជិកគណ:កម្មាការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានលើកឡើងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» គឺជាការសាទរគុណតម្លៃរួមគ្នា ដើម្បីបង្ហាញមោទនភាព ចំពោះសមិទ្ធផលនៃការអភិវឌ្ឍនសង្គមសេដ្ឋកិច្ចកម្ពុជា ជាមួយការរក្សាបាននូវអត្តសញ្ញាណនៃប្រជាជាតិ និងប្រជាជន ក៏ដូចជាការអបអរសាទរដល់ការរួមរស់ជាមួយមហាគ្រួសារខ្មែរតែមួយ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» កាលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលម៉ានី នៃអាគារ The Kampus លោក សុខ សប្បាយណា បានលើកឡើងថា «សាទរកម្ពុជា» គឺដើម្បីផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូលក្នុងគោលបំណងបង្ហាញក្នុងនាមជាប្រជាជាតិដែលមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញ ដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង។ 

តាមដានជាមួយយើង៖ Million Times

លោកបន្តថា «សាទរកម្ពុជា» ក៏ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗនៃសង្គម បង្ហាញនូវមោទនភាព ចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងមានមោទនភាព ក្នុងនាមជាខ្មែរ ក្រោមទង់នៃ «ព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ និង បង្កើនមនោសញ្ចេតនារវាងប្រជាជននៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដើម្បីកម្ពុជា។

លោកថ្លែងថា «ដោយសារតែកើតចេញពីការស្រមៃថា នៅថ្ងៃណាមួយរូបភាពពីរាជធានីភ្នំពេញ នឹងមានវត្តមានប្រកួតប្រជែងជាមួយទីក្រុងដទៃទៀត នូវព្រឹត្តិការណ៍ដែលរៀបចំនូវវេលាឆ្លងឆ្នាំសកល ហើយដែលពិភពលោកនឹងស្គាល់ជាខេមរភាសារថា សាទរកម្ពុជា ឬ Celebrating cambodia ខណៈដែលប្រសិនបើយើងក្រឡេកមើលរូបភាពទាំងឡាយ ដែលមាននៅលើបណ្តាញសង្គម ឬសាព័ត៍មានស្តីពីពិធីឆ្លងឆ្នាំសកលនៅទូរទាំងពិភពលោក យើងនឹងឃើញរូបភាពស្អាតៗពីបណ្តាទីក្រុងល្បីៗរួមជាមួយភាពប្លែកៗគ្នានៃការរៀបចំព្រឹត្តិការណ៍»។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងមានក្បួនដង្ហែដ៏ធំមានទាំងនូវផែនល្ខោងបាសាក់ តួយក្សចំនួន ២០០នាក់ ទីងមោងជិត១០០ ស្គរទម្ងន់ ៣តោន គោមយក្ស និងតុក្កតាយក្សផងដែរ ដែលគ្រោងនឹងប្រព្រឹត្តិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនមុខព្រះបរមរាជវាំង តាមបណ្តោយមហាវិថីព្រះសុីសុវត្ថិ ចំពោះកម្មវិធីនឹងចាប់ផ្តើមនៅម៉ោង ៣៖០០នាទីរសៀលរហូតដល់ម៉ោង ១៖០០ នាទីទៀបភ្លឺ។

សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដើម្បីផ្តល់ឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរដើម្បីសាទរនូវ សមិទ្ធផលទាំងឡាយដែលប្រទេសជាតិយើងសម្រេចបានជាច្រើនក្នុងដំណាក់កាលចុងក្រោយនៃប្រវត្តិសាស្រ្ត។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយ ការជួបជុំគ្នាជាលក្ខណៈមហាគ្រួសារខ្មែរនៅក្រោមទង់ជាតិតែមួយ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ សសយក