កាលពីថ្ងៃចន្ទ ទី០៩ ខែធ្នូ ប៉ូលិសឥណ្ឌាបានផ្ញើសំណើផ្លូវច្បាប់ទៅកាន់ក្រុមហ៊ុន Starlink របស់មហាសេដ្ឋី Elon Musk ដើម្បីសុំការសហការ ស្វែងរកតម្រុយបន្ថែមជុំវិញសំណុំរឿងរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំនៅប្រទេសឥណ្ឌា កាលពីចុងខែវិច្ឆិកា។
ទីភ្នាក់ងារព័ត៌មានReuters បានរាយការណ៍ថា គ្រឿងញៀនដែលប៉ូលិសឥណ្ឌាចាប់បាន គឺមានទំហំរហូតដល់ ៦ ០០០គីឡូក្រាម គិតជាសាច់ប្រាក់ ៤,២ពាន់លានដុល្លារ អំឡុងពេលពួកគេធ្វើដំណើរតាមដែនសមុទ្រ ដោយប្រើប្រាស់ឧបករណ៍អ៊ីនធឺណិត Starlink។
ប៉ូលិសឥណ្ឌាបានសុំឲ្យក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីរូបនេះ ប្រគល់ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដែលបានទិញឧបករណ៍អ៊ីនធឺណិត Starlink ដូចជាឈ្មោះ និងមធ្យោបាយទូទាត់ប្រាក់ ក៏ដូចជាទីតាំងដែលឧបករណ៍នោះបានប្រើប្រាស់ អំឡុងពេលអ្នករត់ពន្ធគ្រឿងញៀន ធ្វើដំណើរលើផ្លូវទឹកអន្តរជាតិពីប្រទេសមីយ៉ាន់ម៉ា មកឥណ្ឌា។
បច្ចុប្បន្ន ក្រុមហ៊ុន Starlink មិនទាន់ចេញមុខបកស្រាយលំអិតឡើយ ដោយពួកគេគ្រាន់តែបញ្ជាក់ថា បញ្ហាមួយនេះត្រូវការសម្រេចពីថ្នាក់លើ ដ្បិតវាប៉ះពាល់ដល់សិទ្ធឯកជនភាព របស់អតិថិជន៕
អត្ថបទ៖ Luffy រូបភាព៖ Nicobar Times