មន្ត្រីរុស្ស៊ី៖ ការគំរាមកំហែងពីលោក Trump មិនអាចបង្អាក់ការបង្កើតប្រព័ន្ធទូទាត់ថ្មីនៅ BRICS ឡើយ

នាថ្ងៃសុក្រ ទី០៦ ខែធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Pankin បាននិយាយថា អង្គការអន្តររដ្ឋាភិបាល BRICS នៅតែបន្តការអភិវឌ្ឍន៍ និងបង្កើតប្រព័ន្ធទូទាត់ថ្មី ជំនួសប្រាក់ដុល្លារ ដើម្បីការធ្វើពាណិជ្ជកម្មរវាងសមាជិកក្រុម បើទោះជាទទួលបានការគំរាមកំហែងពីប្រធានាធិបតីជាប់ឆ្នោត Donald Trump។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន RIA បានស្រង់សម្ដីមន្ត្រីរុស្ស៊ីថា បច្ចុប្បន្នផែនការមួយនេះកំពុងបន្តអភិវឌ្ឍន៍ ហើយការគំរាមពីលោក Trump មិនបានបង្កភាពរាំងស្ទះសូម្បីតែបន្តិច។

គួររំលឹកបន្តិចថា កាលពីសប្ដាហ៍មុន លោក Trump បានគំរាមដល់សមាជិក BRICS ទាំងអស់ មិនឲ្យបង្កើតប្រព័ន្ធទូទាត់ថ្មី ជំនួសប្រាក់ដុល្លារឡើយ បើមិនដូច្នោះក្រុមប្រទេសទាំងនោះ នឹងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយការបន្ថែមពន្ធទំនិញ ១០០% សម្រាប់ផលិតផលរបស់ពួកគេ ចូលក្នុងទីផ្សារអាមេរិក។

ក្រុមប្រទេស BRICS បាននឹងកំពុងសិក្សា និងបង្កើតរូបិយប័ណ្ណថ្មីមួយ ដើម្បីធ្វើជាមធ្យោបាយទូទាត់ប្រាក់ សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិក ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ ដោយប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងនេះយល់ថា ការធ្វើបែបនេះ គឺដើម្បីកាត់បន្ថយឥទ្ធិពលរបស់អាមេរិក លើទីផ្សារពាណិជ្ជកម្មពិភពលោក៕

អត្ថបទ៖ Luffy រូបភាព៖ Flickr