មេបក្សកាន់អំណាចកូរ៉េខាងត្បូង ស្នើសុំប្រធានាធិបតី Yoon Suk Yeol ចុះចេញពីបក្ស

នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ មេបក្សកាន់អំណាចកូរ៉េខាងត្បូង លោក Han Dong-hoon មេបក្សកាន់អំណាចនៃប្រទេសកូរ៉េខាងត្បូង បាននិយាយថា លោកបានសំណូមពរឲ្យប្រធានាធិបតី Yoon Suk Yeol ចាកចេញពីគណបក្ស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times។

តាមដានជាមួយយើង៖ Million Times

លោក Han បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា គណបក្សរបស់លោកទាមទារឲ្យប្រធានាធិបតី ចាកចេញពីបក្ស ដោយសំអាងថា មិនអាចការពារការចេញច្បាប់អាជ្ញាសឹក ដោយតក់ក្រហល់របស់លោកបាន។

ទោះជាមានការអំពាវនាវឲ្យលោក Yoon ចុះចេញពីបក្សក្ដី ក៏ប៉ុន្តែគណបក្សកាន់អំណាចមួយនេះ នៅអះអាងថា សមាជិកបក្សទាំងអស់ នឹងរួមគ្នាជាធ្លុងមួយក្នុងការការពារលោក Yoon រក្សាតំណែងប្រធានាធិបតី ក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូ ខាងមុខ ដើម្បីសម្រេចពីជោគវាសនានៃការគ្រប់គ្រងរបស់លោក Yoon ខណៈបក្សប្រឆាំង និងប្រជាជនមួយចំនួន បានទាមទារឲ្យលោកទទួលខុសត្រូវចំពោះហេតុការណ៍នេះ ដោយការចុះចេញពីតំណែងប្រធានាធិបតី។

សូមជម្រាបដែរថា គណបក្សប្រឆាំងត្រូវការសម្លេងគាំទ្រពីសមាជិកសភា ៨រូប ដើម្បីអាចអនុវត្តច្បាប់ចោទប្រកាន់លើប្រធានាធិបតី ហើយបើសិនទទួលបានការគាំទ្រគ្រប់គ្រាន់ លោក Yoon ត្រូវរង់ចាំសាលក្រមពីតុលាការរដ្ឋធម្មនុញ្ញ។ ក្នុងករណីតុលាការឯកភាពពីទោសកំហុសរបស់ប្រធានាធិបតី នោះការបោះឆ្នោតស្វែងរកមេដឹកនាំថ្មី ត្រូវតែធ្វើឡើងជាដាច់ខាតក្នុងរយៈពេល ៦០ថ្ងៃ៕

អត្ថបទ៖ Luffy រូបភាព៖ The Straits Times