សេដ្ឋីនី Truong My Lan ដែលប្រឈមនឹងការកាត់ទោសប្រហារជីវិត ពាក់ព័ន្ធនឹងករណីឆបោកធំបំផុតមួយលើពិភពលោក កំពុងមានសង្ឃឹមអាចរក្សាជីវិតរបស់លោកស្រីវិញ បើសិនជាអ្នកជំនួញអចលនទ្រព្យរូបនេះអាចរកប្រាក់ ៩ពាន់លានដុល្លារទាន់ពេលវេលា។


ទីភ្នាក់ងារព័ត៌មាន BBC បានចុះផ្សាយថា តាមច្បាប់វៀតណាមបានចែងថា បើសិនជាលោកស្រី Lan អាចបង់ប្រាក់ ៧៥% នៃទំហំទឹកប្រាក់ដែលនាងបានកិបកេងពីជនរងគ្រោះ នោះសណ្ឋានទោសប្រហារជីវិតរបស់លោកស្រី នឹងត្រូវលុបចោលវិញ។
បច្ចុប្បន្ន លោកស្រី Truong My Lan ត្រូវការប្រាក់ ៩ពាន់លានដុល្លារ ដើម្បីសងទៅកាន់ជនរងគ្រោះ ក្នុងអំពើឆបោកនាពេលកន្លងមក។ មេធាវីរបស់សេដ្ឋីនីវ័យ ៦៨ឆ្នាំអះអាងថា ការស្វែងរកប្រាក់ក្នុងទំហំច្រើននេះមិនស្រួលឡើយ បើទោះជាលោកស្រី My Lan នៅសល់ទ្រព្យសម្បត្តិ និងអចលនទ្រព្យខ្លះៗក្ដី ពោលបើសិនជាលក់ចេញបន្ទាន់ វានឹងបានតម្លៃថោកខ្លាំង។
បើសិនជាលោកស្រី My Lan អាចរកប្រាក់បានគ្រប់ចំនួនទាន់ពេលវេលា នោះលោកស្រីនឹងរួចផុតពីទោសប្រហារជីវិត ក៏ប៉ុន្តែនៅតែជាប់ពិរុទ្ធធ្ងន់ដដែល ពោលគឺប្រឈមការជាប់ពន្ធនាគារអស់មួយជីវិត៕
អត្ថបទ៖ Luffy រូបភាព៖ TheInvestor