មេខ្លោងឆបោកធំបំផុតក្នុងប្រទេសថៃ​ត្រូវ​បានឃាត់ខ្លួន​នៅ​ខេត្តជាប់កម្ពុជា

នៅថ្ងៃចន្ទនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​សង្ស័យថា​ ជាមេខ្លោងឆបោក​តាមទូរស័ព្ទ​ធំ​បំផុត​ក្នុងប្រទេស​ថៃ​នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា។

ឧត្តមសេនីយ៍ទោ Montree Theskhan មេបញ្ជាការផ្នែកបង្រ្កាបបទល្មើសបានឲ្យដឹងថា លោក Demin Wen អាយុ ៣៥ឆ្នាំ ត្រូវបានឃាត់ខ្លួននៅលើផ្លូវឆ្ពោះទៅប្រទេសកម្ពុជា ក្នុងភូមិ Ban Non Sao Ae ឃុំ Phan Suek ស្រុក Aranyaprathet ខេត្តស្រះកែវ។

តាមដានជាមួយយើង៖ Million Times

បើតាមមេបញ្ជាការ លោក Demin ត្រូវបានគេសង្ស័យថា ទទួលបានប្រអប់ស៊ីមកាត ស៊ីមកាត និងឧបករណ៍ពាក់ព័ន្ធមួយចំនួនធំ ដែលត្រូវបានដំឡើងនៅផ្ទះជួលជាច្រើនក្នុងខេត្តឈៀងម៉ៃ និងប្រើប្រាស់ដើម្បីជួយសម្រួលដល់ប្រតិបត្តិការឆបោក។

ថ្មីៗ​នេះ ប៉ូលិស​បាន​ឆ្មក់​ចូល​ផ្ទះ​ក្នុង​ខេត្ត​ភាគ​ខាង​ជើង និង​ឃាត់​ខ្លួន​ប្រពន្ធ​ជន​ជាតិ​ថៃ​ដែល​ត្រូវ​បាន​ចោទ​ថា​ ជាអ្នកចាត់​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​ក្នុងផ្ទះ។ នៅពេលនោះ ប៉ូលីសបានរកឃើញស៊ីមកាតចំនួន ៦៤២ ស៊ីមកាតចំនួន ៥៩០,០០០ កុំព្យូទ័រចំនួន ៧២ គ្រឿង និងទូរស័ព្ទដៃចំនួន ១,៤៥៥ គ្រឿង។ ក្នុង​ការ​វាយឆ្មក់​លើក​មុន បុរស​ជនជាតិ​ចិន​រូប​នេះ​បាន​បើក​ឡានគេចខ្លួន​ពី​ខេត្ត Chiang Mai ទៅ​ខេត្ត Nakhon Sawan ជា​កន្លែង​ដែល​លោកបាន​បោះ​បង់​រថយន្ត​ចោល ហើយ​ជិះរថយន្ត​ក្រុង​ទៅ​បាងកក។

ភរិយា​ជនជាតិចិនរបស់​លោក យិន ស៊ាវយីង ត្រូវ​បាន​គេ​ចោទ​ថា​បាន​រៀបចំ​ការ​រត់​គេច​ខ្លួន​បន្ថែម​ទៀត​ពី​ទីក្រុង​បាងកក​ទៅ​ខេត្ត​ស្រះកែវ ដែល​ជាប់​ព្រំដែន​កម្ពុជា។

លោក Demin បានប្រាប់ប៉ូលីសថា គាត់មិនបានដឹងថាប្រពន្ធរបស់គាត់ជាជនជាតិថៃត្រូវបានចាប់ខ្លួនទេ ហើយគាត់គ្រាន់តែមានគម្រោងទៅលេងផ្សាររោងក្លឿក្នុងខេត្តស្រះកែវប៉ុណ្ណោះ។ ប៉ូលិស​បាន​ចាប់​ប្រពន្ធ​ជនជាតិ​ចិន​អាយុ​ ៣៧​ឆ្នាំ​របស់​លោកនៅ​អាកាសយានដ្ឋាន​សុវណ្ណភូមិ​កាលពី​ថ្ងៃ​អាទិត្យ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Bangkok Post