កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានប្រកាសថា ពួកគេទទួលបានការយល់ព្រមពីរដ្ឋាភិបាលកាណាដា សម្រាប់ការធ្វើតេស្តសាកល្បង ដាំបន្ទះឈីបក្នុងខួរក្បាលមនុស្សលើកដំបូងក្នុងប្រទេសមួយនេះ។


ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា បន្ទះឈីបក្នុងខួរក្បាលរបស់ក្រុមហ៊ុន Neuralink នឹងត្រូវដាំក្នុងខួរក្បាលអ្នកជំងឺពិការមិនអាចកម្រើកខ្លួនបាន ដោយផ្ដល់នូវសមត្ថភាពឲ្យពួកគេអាចធ្វើចលនា ដោយគ្រាន់តែប្រើការគិត។
គួររំលឹកបន្តិចថា ក្រុមហ៊ុន Neuralink ធ្លាប់ទទួលបានសមិទ្ធផលធំធេង ដោយបានដាក់បន្ទះឈីបក្នុងខួរក្បាលលើអ្នកជំងឺពិការ ២រូបនៅអាមេរិក ដោយអ្នកជំងឺទី២ មានសមត្ថភាពអាចលេងហ្គេមបាន និងរៀនរចនារូប 3D បានថែមទៀត ក្រោយទទួលបានការវះកាត់ជោគជ័យ។
ជម្រាបបន្ថែមថា ក្រុមហ៊ុន Neuralink ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយមហាសេដ្ឋី Elon Musk និងវិស្វករមួយក្រុម ក្នុងគោលបំណងបង្កើតនូវបន្ទះឈីបដាក់ក្នុងខួរក្បាល ជួយឲ្យជនពិការមានសមត្ថភាពធ្វើចលនា ប្រាស្រ័យទាក់ទង និងអាចព្យាបាលជំងឺងងឹតភ្នែកបានថែមទៀត៕
អត្ថបទ៖ Luffy រូបភាព៖ Samaa TV