មហាសេដ្ឋីឥណ្ឌា Gautam Adani រងការចោទប្រកាន់ពីបទឆបោក និងសូកប៉ាន់

កំពូលអ្នកមាននៅឥណ្ឌា លោក Gautam Adani ត្រូវបានចោទប្រកាន់ពីរដ្ឋអាជ្ញានៅទីក្រុងញូវយ៉ក ជុំវិញករណីឆបោក និងសូកប៉ាន់ ក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារ។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Reuters បានចុះផ្សាយថា លោក Adani និងបុគ្គល ៧នាក់ផ្សេងទៀត រួមទាំងក្មួយប្រុសឈ្មោះ Sagar Adani បានសូកប៉ាន់មន្ត្រីរដ្ឋាភិបាលឥណ្ឌា ២៦៥លានដុល្លារ ជាថ្នូរនឹងការទទួលបានគម្រោងអភិវឌ្ឍន៍ថាមពលសូឡាធំជាងគេនៅឥណ្ឌា ដែលរំពឹងទទួលបានប្រាក់ចំណេញយ៉ាងតិច ២ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ២០ឆ្នាំខាងមុខ។

បន្ថែមពីនោះ រដ្ឋអាជ្ញាអាមេរិកក៏បញ្ជាក់ទៀតថា ប្រធានក្រុមហ៊ុន Adani Group និងបក្សពួក បានកិបកេងប្រាក់ពីម្ចាស់បំណុល និងក្រុមវិនិយោគិន ប្រមាណ ៣ពាន់លានដុល្លារ ដោយលាក់បាំងអំពើពុករលួយរបស់ពួកគេ។

មហាសេដ្ឋី Gautam Adani ក្មួយប្រុស Sagar Adani និងអតីត CEO ក្រុមហ៊ុន Adani Green Energy លោក Vneet Jaain ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំមូលបត្រ ការសមគំនិតក្លែងបន្លំមូលបត្រ និងការសមគំនិតក្លែងបន្លំតាមខ្សែ ហើយកំពូលអ្នកមាននៅឥណ្ឌា រួមទាំងក្មួយប្រុស ក៏ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងរដ្ឋប្បវេណី របស់គណៈកម្មការមូលបត្រអាមេរិកផងដែរ។

បច្ចុប្បន្ន ជនជាប់ចោទទាំងអស់នោះ មិនទាន់ត្រូវបានឃាត់ខ្លួនសួរចម្លើយនោះទេ ខណៈគេជឿថា លោក Adani កំពុងសំងំលាក់ខ្លួននៅប្រទេសឥណ្ឌា៕

អត្ថបទ៖ Luffy រូបភាព៖ NPR