មេធាវីរបស់ក្រុមហ៊ុន Amazon និងក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានប្ដឹងប្រកែកនៅក្នុងតុលាការសហព័ន្ធកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា រចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ (NLRB) មិនសមស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ។


ទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយថា ក្រុមចៅក្រមបីនាក់នៅសាលាឧទ្ធរណ៍ទី៥ នៃសហរដ្ឋអាមេរិកនៅទីក្រុង New Orleans បានស្តាប់ទឡ្ហីករណ៍ផ្ទាល់មាត់ដាច់ដោយឡែកពីគ្នា នៅក្នុងបណ្តឹងរបស់ SpaceX និង Amazon ដែលក្រុមហ៊ុនទាំងពីរបានផ្តួចផ្តើមឡើង បន្ទាប់ពីទីភ្នាក់ងារការងារបានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងពួកគេនៅក្នុងជម្លោះអំពីសិទ្ធិកម្មករ និងការរៀបចំសហជីព។
បើសិនជាក្រុមហ៊ុនទាំង២ អាចយកឈ្នះរឿងក្ដីនេះ ទីភ្នាក់ងាររដ្ឋាភិបាល ដែលរ៉ាប់រងលើការពង្រឹងច្បាប់ការងារ និងជួយដល់កម្មករប្ដឹងនិយោជករបស់ពួកគេ មានអាយុកាលជិត ១០០ឆ្នាំ នឹងជួបភាពរង្គោះរង្គើជាមិនខាន។
រឿងក្ដីមួយនេះ អាចនឹងឡើងដល់តុលាការកំពូលសហរដ្ឋអាមេរិក ដែលភាគច្រើនសុទ្ធតែជាអ្នកគាំទ្រអ្នកអភិរក្សនិយម និងបានចេញសេចក្ដីសម្រេចទប់ស្កាត់ អំណាចទីភ្នាក់ងាររដ្ឋាភិបាល។
គួររំលឹកបន្តិចថា ក្រុមហ៊ុនយក្សអាមេរិកទាំង២ បានដាក់ពាក្យប្ដឹងឧទ្ធរណ៍ច្រើនលើកច្រើនសារហើយ ចំពោះការចោទប្រកាន់ពី NLRBក៏ប៉ុន្តែតុលាការថ្នាក់ក្រោមមិនអាចចេញសេចក្ដីសម្រេចតាមកាលកំណត់ ទើបសំណុំរឿងមួយនេះ ឈានដល់សាលាឧទ្ធរណ៍ទី៥។
កាលពីខែមករា ក្រុមហ៊ុន Space X បានដាក់ពាក្យប្ដឹងឧទ្ធរណ៍ប្រឆាំងនឹង NLRB ក្រោយទីភ្នាក់ងារការងារចោទប្រកាន់ពួកគេថា បានបណ្ដេញបុគ្គលិកចេញខុសច្បាប់ ផ្អែកតាមការសរសេរសាររបស់បុគ្គលិកម្នាក់ រិះគន់លើ Elon Musk។

ចំណែកឯក្រុមហ៊ុន Amazon វិញ បានប្ដឹង NLRB ទាក់ទងនឹការបោះឆ្នោតសហជីប កាលពីខែមេសា ឆ្នាំ២០២២ ដោយក្រុមហ៊ុនយក្សនេះអះអាងថា ទីភ្នាក់ងារការងារ បានលូកដៃទាំងខុសច្បាប់ក្នុងបញ្ហាក្រុមហ៊ុនខ្លួន។
ជុំវិញបញ្ហាមួយនេះ ទីប្រឹក្សាទូទៅ NLRB លោកស្រី Jennifer Abruzzo ក៏បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ មុនបើកសវនាការនាថ្ងៃចន្ទថា វាមិនមែនជារឿងថ្មីទេ ដែលក្រុមហ៊ុនធំៗទាំងនេះ ដាក់ពាក្យប្ដឹងបកលើអាជ្ញាធរ NLRB លើការអនុវត្តសិទ្ធកម្មករ ដើម្បីប្រកែកមិនព្រមទទួលស្គាល់កំហុស និងទទួលខុសត្រូវ ចំពោះទង្វើបំពានច្បាប់របស់ពួកគេ៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg