ស្ថានភាពទីផ្សារចិន ធ្វើឲ្យទ្រព្យសម្បត្តិមហាសេដ្ឋីបារាំងរង្គោះរង្គើ ខាតលុយរាប់សិបពាន់លានដុល្លារ

មហាសេដ្ឋីបារាំង Bernard Arnault បានរបូតតំណែង មកនៅលេខរៀងទី០៥ ក្នុងចំណោមកំពូលមហាសេដ្ឋីមានបំផុតលើពិភពលោក បន្ទាប់ពីជួបប្រទះការខាតបង់ជាខ្លាំង នៅក្នុងអាជីវកម្មរបស់លោកនៅប្រទេសចិន។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន Sydney Morning Herald បានចុះផ្សាយថា ក្រុមហ៊ុន LVMH របស់អ្នកមានបំផុតនៅអឺរ៉ុបរូបនេះ រកស៊ីនៅលើវិស័យសម្ភារៈនិយម ដែលមានទីផ្សារធំក្នុងប្រទេសចិន។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពទីផ្សារសម្ភារៈនិយមនៅចិន មានសញ្ញាណមិនល្អ ដោយលក់ខាតឡុងចុងសឹងរាល់ខែ។

ប្រជាជនចិន ចាប់ផ្ដើមចាយវាយរិះថាំមិនដូចមុន លើការចំណាយប្រាក់ចំពោះសម្ភារៈនិយមដូចជា កាបូប LV និងសម្លៀកបំពាក់ Dior ដ្បិតព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ច មានភាពមិនប្រាកដប្រជា ខណៈកត្តានេះហើយទើបធ្វើឲ្យក្រុមហ៊ុនមហាសេដ្ឋីបារាំង ជួបប្រទះការខាតបង់មិនស្ទើរ។

លោក Bernard Arnault គឺជាមហាសេដ្ឋីតែម្នាក់គត់ ដែលមានការខាតបង់ច្រើនបំផុតនៅក្នុងឆ្នាំ២០២៤នេះ ដោយក្នុងចំណោមកំពូលអ្នកមាន ៥០០រូប មហាសេដ្ឋីបារាំង របូតលុយអស់ប្រហែល ៥០ពាន់លានដុល្លារ គិតចាប់ពីដើមឆ្នាំ មកទល់បច្ចុប្បន្ន។

គួររំលឹកបន្តិចថា កាលពីដើមឆ្នាំ២០២៤ តំណែងជាកំពូលមហាសេដ្ឋីមានបំផុតលើលោក តែងតែមានការផ្លាស់ប្ដូររវាងលោក Bernard Arnault និងមហាសេដ្ឋី Elon Musk ក៏ប៉ុន្តែចាប់តាំងពីចុងត្រីមាសទី២ រហូតដល់បច្ចុប្បន្ន មហាសេដ្ឋីបារាំងបានខ្ទាតតំណែង រហូតដល់លេខរៀងទី០៥ ជាមួយទ្រព្យសម្បត្តិប្រមាណ ១៦៦ពាន់លានដុល្លារ៕

អត្ថបទ៖ Luffy រូបភាព៖ Fortune