សារព័ត៌មានថៃ៖ ករណីឆបោកទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន iCon ទំនងមានខ្នងជាអ្នកនយោបាយមានមុខមាត់

រឿងក្ដីឆបោកធំបំផុតមួយ របស់ក្រុមហ៊ុន iCon នៅប្រទេសថៃ ដែលរាប់បញ្ចូលអស់ហើយនូវបុគ្គលមានមុខមាត់ទាំងក្នុងវិស័យធុរកិច្ច និងសិល្បៈ ហើយថ្មីៗនេះលឺដំណឹងថា នៅពីក្រោយខ្នងក្រុមហ៊ុនមួយនេះ គឺមានអ្នកនយោបាយថៃជាអ្នកកាងឲ្យថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានថៃ ThaiExaminer។

តាមដានជាមួយយើង៖ Million Times

កាលពីថ្ងៃពុធ ទី១៦ ខែតុលា ក្រុមប៉ូលិសថៃបានធ្វើការឃាត់ខ្លួនមេៗនៃក្រុមហ៊ុន iCon ចំនួន ១៨នាក់ មកសាកសួរ ហើយជាបឋមបានបង្កកទ្រព្យសម្បត្តិប្រហែល ១២៥ពាន់លានបាត និងដីធ្លីមានតម្លៃមួយចំនួននៅជិតទីក្រុងបាងកក ដែលជាកម្មសិទ្ធរបស់ពួកគេ។

ក្រោយការចាប់ខ្លួនមេក្លោងធំគឺលោក Warathaphon Waratyaworrakul ឬគ្រប់គ្នាហៅថា Boss Paul ក៏មានបែកធ្លាយនូវសារសម្លេងជាច្រើន ដែលក្រុមអ្នកសារព័ត៌មានដាក់ការសង្ស័យថា ជាការឆ្លើយឆ្លងរវាងនាយកប្រតិបត្តិ iCon និងសមាជិកសភាថៃជាន់ខ្ពស់មួយរូប ដែលមកពីគណបក្ស Palang Pracharat។

នៅក្នុងសារសម្លេងនោះ Boss Paul បានហៅអ្នកនយោបាយរូបនោះ និងប្រដូចរូបគេ ដូចជាព្រះជាម្ចាស់ ដែលបានជួយខ្លួនកន្លងមក និងតែងតែបើកផ្លូវឲ្យខ្លួន ជោគជ័យក្នុងការរកស៊ីបោកប្រាស់គេឯងបែបនេះ។

ទាក់ទងនឹងករណីមួយនេះ ក្រុមប៉ូលិសថៃបានចេញមុខបកស្រាយភ្លាមៗថា បច្ចុប្បន្នក្រុមការងារឯកទេស កំពុងពិនិត្យយ៉ាងល្អិតល្អន់លើសារសម្លេងមួយនោះ ដើម្បីប្រាកដថា វាមិនមែនជាសម្លេងកាត់ត ដោយប្រើមុខងារ AI។

រឿងក្ដីមួយនេះកាន់តែឆេះរាលដាលខ្លាំង រហូតដល់នាយករដ្ឋមន្ត្រីថៃ អ្នកស្រីផែថុងថាន ស៊ីណាវ៉ាត់ត្រា ចេញមុខអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវតែចេញដោះស្រាយ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យខាងតែបាន ហើយបើមានខ្នងជាអ្នកនយោបាយ ត្រូវតែហែកស្រោមមុខបុគ្គលម្នាក់នោះដោយគ្មានលក្ខខណ្ឌ៕

អត្ថបទ៖ Luffy រូបភាព៖ PattayaMail