ប្ដីប្រពន្ធសេដ្ឋីប្រចាំស្រុកខ្មែរ គិត ម៉េង និង ម៉ៅ ចំណាន ចាប់ផ្ដើមយកកូនស្រីតាមខ្លួនសឹងគ្រប់កម្មវិធី

ក្នុង​ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា​សេដ្ឋី គិត ម៉េង និង​សេដ្ឋី​នី ម៉ៅ ចំណាន តែង​តែ​បណ្ដើរ​កូន​ស្រី​ទី ៣ គឺ យុវតី គិត ស៊ូណាវីន ទៅ​ចូលរួម​កម្មវិធី​ផ្លូវ​ការ​របស់​ក្រុមហ៊ុន និង​ចូល​រួម​ព្រឹត្តិការណ៍​នានា ដែល​ស្វាមី​ភរិយា​កំពូល​អ្នក​មាន​ទាំង​ប្ដី​ប្រពន្ធ គូ​នេះ​ចូលរួម។

តាមដានជាមួយយើង៖ Million Times

តាំង​ពី​ចូល​អាយុ ១៦ ឆ្នាំ​មក គិត ស៊ូណាវីន ត្រូវ​បាន​អាណាព្យាបាល​នាំ​យក​ទៅ​ចូល​រួម​កម្មវិធី​ផ្សេង​ៗ ច្រើន​ជាង​កូន​ស្រី​ច្បង គិត ស៊ូរៀរង្សី។ អ្នក​លេង​បណ្ដាញ​សង្គម​សង្គេត​ឃើញ និង​និយាយ​ថា តើ​នាង​តូច​រូបនេះ នឹង​ត្រូវ​ចូលរួម​កាន់កាប់​ក្នុង​ជំនួញ​ណា​មួយ ដូច​បងប្រុស គិត ស៊ូឡា ដែរ​នា​ពេល​ខាង​មុខ ព្រោះ​ចាប់ពី​ឥឡូវ​ទៅ ជា​ការ​ចាប់ផ្ដើម​ឲ្យ​ស្គាល់​ការងារ​បណ្ដើរ​ៗ​ហើយ។

ដូច​ថ្មី​ៗ​នេះ​ក្នុង​កម្មវិធី បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​រោងចក្រ​ផលិត​អគ្គិសនី ដើរ​ដោយ​ឧស្ម័ន​ធម្មជាតិ អានុភាព ៩០០ មេហ្គាវ៉ាត់ នៅ​ខេត្ត​កោះកុង​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​សេដ្ឋី គិត ម៉េង កូន​ស្រី​សំណព្វ​រូប​នេះ ក៏​បាន​ទៅ​ចូលរួម​យ៉ាង​ចេញ​មុខ​ចេញ​មាត់ ជា​ម្ចាស់​កម្មវិធី​មួយ​រូប​ទៀត​ផង​ដែរ។

ចំណែក​កម្មវិធី​របស់​សេដ្ឋី​នី ម៉ៅ ចំណាន ដែល​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង​ក៏​បាន​នាំ​យក​កូន​ស្រី​រូប​នេះ ចូលរួម​ជា​បន្តបន្ទាប់​មិន​លោះ​ពេល​ផង​ដែរ។

មិន​តែ​ប៉ុណ្ណោះ​កាលពី​ ខែ​មុន​កក្កដា ឆ្នាំ ២០២៤ កន្លង​ទៅ​សេដ្ឋី គិត ម៉េង ក៏​បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​ឲ្យ​កូនស្រី​សម្លាញ់​ចិត្ត គិត ស៊ូណាវីន យ៉ាង​គគ្រឹកគគ្រេង អញ្ជើញ​សុខ​តែ​កំពូល​មហាសេដ្ឋី អ្នក​ជំនួញ ព្រម​ទាំង​មន្ត្រី​រាជការ​សុទ្ធតែ​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស។

ក្រោយ​សាង​ស្នេហ៍​ដ៏​ស្អិតល្មួត​រវាង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​អ្នកឧកញ៉ា គិត ម៉េង និង​អតីត​ពិធី​ការិនី ស្រីតូច ចំណាន ជិត ២០ ឆ្នាំ​មក​នេះ បាន​បន្សល់ទុក​ចំណងដៃ​កូន​ប្រុស​ស្រី ៤ នាក់ រួមមាន អ្នក​ឧកញ៉ា គិត ស៊ូឡា, កញ្ញា គិត ស៊ូរៀរង្សី, យុវតី គិត ស៊ូណាវីន និង​កុមារី គិត ស៊ូឡុង។ បើ​ក្រឡេក​ទៅ​មើល​បណ្ដាញ​សង្គម Instagram ឃើញ​ថា ស៊ូណាវីន ជា​បុគ្គល​ល្បី​ឈ្មោះ និង​មាន follower ច្រើន ហើយ​ជា​រឿយៗ​​កូន​ស្រី​សេដ្ឋី​រូបនេះ​បង្ហាញ​ពី​រូបភាព និង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ​តាម​បែប​ផែន​ជា​នារី​អភិជន៕