សម្តេច ហ៊ុន ម៉ាណែត ដកតំណែងអភិបាលស្រុកល្វាឯម ក្រោយដឹងចាញ់បោកឧកញ៉ា លី សាម៉េត ៣០ម៉ឺនដុល្លារ

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីលោកចាញ់បោកឧកញ៉ា លី សាម៉េត អស់ចំនួន ៣០ម៉ឺនដុល្លារដើម្បីរត់ការជាអភិបាលក្រុងអរិយក្សត្រ។

អនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ បានបញ្ជាក់ថា លោកបានប្រព្រឹត្តិកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការ។

គួរឲ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញ សម្តេច ហ៊ុន សែន បានទម្លាយថា លោក កន សុខកាយ អភិបាលស្រុកល្វាឯម ប្រគល់ទឹកប្រាក់ចំនួន ៣០ម៉ឺនដុល្លារឲ្យអ្នកឧកញ៉ា លី សាម៉េត ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអះអាងថា ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ សម្តេចធ្លាប់ចុះហត្ថលេខាតែងតាំង និងតំឡើងស័កមន្ត្រីរាប់មុឺននាក់ទាំងសុីវិល និងកងកម្លាំងប្រដាប់អាវុធ សម្តេចមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួនទទួលបានការតែងតាំងហើយទទួលបានការជួយពីសម្តេចថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាញសង្គម